(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងតប្រទេសនៅឆ្នាំ២០២៤នេះ បានកើនឡើង១៥.៥៦ភាគរយ បើធៀបនឹងការប្រើប្រាស់នៅឆ្នាំ២០២៣។
ការឲ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចធិបតីបានអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ចំណុចសំខាន់ៗក្នុងវិស័យថាមពលរួមមាន ការបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និងគ្រប់ទីកន្លែង ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានស្ថេរភាពនយោបាយ-សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង សេចក្ដីត្រូវការ និងភាពចាំបាច់នៃការប្រើប្រាស់ថាមពល កាន់តែកើនឡើងជាលំដាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «បច្ចុប្បន្ននេះការប្រើប្រាស់ ថាមពលអគ្គិសនីទូទាំងប្រទេស ក្នុងឆ្នាំ២០២៤នេះ បានកើនឡើង១៥,៥៦ភាគរយ ធៀបទៅនឹងការប្រើប្រាស់នៅឆ្នាំ២០២៣ ក្នុងនោះ៨៦.៦៧ភាគរយ ជាបរិមាណថាមពលដែលផលិតក្នុងស្រុក និងចំនួន១៣.៣ភាគរយជាបរិមាណនាំចូល ពីប្រទេសជិតខាង»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ជាមួយគ្នានេះការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្សែបណ្ដាញ ផ្គត់ផ្គង់គ្រប់កម្រិតរហូត ដល់ចុងឆ្នាំ២០២៤នេះ បានធ្វើឲ្យវិសាលភាពនៃ ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្ដាញជាតិ បានគ្រប់ដណ្ដប់លើភូមិចំនួន៩៩.១៥ភាគរយ នៃចំនួនភូមិទូទាំងប្រទេស ក្នុងនោះការភ្ជាប់បណ្តាញឱ្យទីតាំង អ្នកប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ២០២៤ បានឡើងដល់ចំនួន៣,៨៦លានទីតាំង គឺកើនឡើងប្រមាណ៤ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះការភ្ជាប់បណ្តាញ ឱ្យលំនៅឋានប្រជាពលរដ្ឋ បានកើនឡើងដល់៣,៦លានខ្នងផ្ទះ ដែលត្រូវជា៩៥,២៥% នៃខ្នងផ្ទះសរុបទូទាំងប្រទេស។ នេះជាសមិទ្ធផលក្នុងរយៈពេលខ្លី ដែលអាចជំរុញបាន ជាសមិទ្ធផលធំមួយរបស់វិស័យថាមពល ដែលជួយដល់ការប៉ះពាល់របស់ប្រជាពលរដ្ឋជាក់ស្ដែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាដៃគូរអភិវឌ្ឍន៍វិស័យឯកជន និងគ្រប់ភាគីពាកព័ន្ធដទៃទៀត ដែលបានចូលរួមជំរុញការអភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនី ដែលញាំងឲ្យកម្ពុជា ទទួលបាននូវវឌ្ឍនៈភាពដ៏ត្រចេះត្រចង់ ក្នុងបេសកកម្មផ្ដល់ការផ្គត់ផ្គង់អគ្គិសនីមួយគ្រប់គ្រាន់ គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា»៕