(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារទៅអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា រាជរដ្ឋាភិបាលក៏ចេះស្រឡាញ់ទឹកដី មិនមែនចេះស្រឡាញ់ទឹកដីតែក្រុមប្រឆាំងនោះទេ។ ខណៈរាជរដ្ឋាភិបាលកិច្ចខិតខំដោះស្រាយបញ្ចប់បញ្ហាព្រំដែន ដោយកំណត់បង្គោលច្បាស់លាស់ជាមួយប្រទេសជិតខាង រឿងនេះមិនដែលមានទាល់តែសោះក្នុងរយៈពេលរាប់រយឆ្នាំ ការធ្វើបែបនេះគឺដើម្បីទុកផលប្រយោជន៍ឱ្យប្រជាជនរស់នៅមានសេចក្តីសុខទាំងសង្ខាង។
ការចេញមកបញ្ជាក់យ៉ាងច្បាស់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាបំផុសព័ត៌មានក្លែងក្លាយជុំវិញបញ្ហាកោះគុត ថារាជរដ្ឋាភិបាលកម្ពុជា បានលក់កោញនេះឱ្យប្រទេសថៃ។ ប៉ុន្តែ ចំពោះបញ្ហាព្រំដែនទឹករវាងប្រទេសកម្ពុជា និងប្រទេសថៃ មកដល់ពេលនេះភាគីទាំងពីរមិនទាន់បានចរចាបញ្ចប់នៅឡើយនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា មិនបានបោះចោលការចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នា (OCA) នោះឡើយ។ ចំពោះបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ពុំមានអ្វីជាអាថ៌កំបាំងឡើយ ខណៈប្រទេសទាំងពីរកំពុងបន្តចរចាគ្នា។
ការថ្លែងបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
នាកាសនោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅកាន់ក្រុមនិន្នាការប្រឆាំងកុំយកបញ្ហាតំបន់ត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្ររវាងកម្ពុជា និងថៃ ធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន ហើយធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ។ ការដោះស្រាយបញ្ហាព្រំដែន គឺផ្នែកទៅលើច្បាប់ និងលក្ខណៈបច្ចេកទេសព្រំដែន នៅពេលដែលយកនយោបាយមកវាយប្រហារឡើងចុះតាមបណ្តាញសង្គមនឹងបង្កទៅជាបញ្ហាផ្សេងៗជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកនយោបាយធ្វើនយោបាយចុះ ប៉ុន្តែ ចំពោះបញ្ហាព្រំដែន គឺទុកឱ្យអ្នកបច្ចេកទេសព្រំដែនធ្វើចុះ ដូច្នេះ អ្នកនយោបាយមុននឹងធ្វើអ្វីមួយសូមគិតពីផលប្រយោជន៍ជាតិ សូមកុំបង្កើតទំនាស់ កុំនាំប្រជាពលរដ្ឋ បំផុសសកម្មភាពអ្វីមួយដែលមិនចាំបាច់ រហូតនាំឱ្យខុសច្បាប់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងព្រំដែនទឹកជាមួយនឹងប្រទេសថៃ យើងនៅចរចាអត់ទាន់មានគោលការណ៍ឯកភាពថាអ្នកណាបានអី មានអីនោះទេ អ៊ឹចឹងមកចោទថាបាត់នេះ បាត់នោះគឺមិនមាននោះទេ យើងនៅចរចានៅឡើយទាល់តែចុះកិច្ចព្រមព្រៀងឯកភាពគ្នាកំណត់ព្រំដែនច្បាស់លាស់ […] អីឡូវមិនទាន់ឯកភាពគ្នាយើងទៅស្រែកយ៉ាងម៉េច ទៅប្តឹងពីណា ប្តឹងរឿងអី សម្តេចតេជោ ព្រឹកមិញលោកក៏មានប្រសាសន៍ថា ដំបៅមិនឈឺយកឈើឆ្កេះ ការពារទឹកដី ស្រឡាញ់ទឹកដី មិនមែនស្រឡាញ់ទឹកដីតែអស់លោកទេ រដ្ឋាភិបាល ខ្ញុំក៏ស្រឡាញ់ទឹកដីដែរ មន្ត្រីរបស់ខ្ញុំដែលចរចាអត់បាយ អត់ទឹក មន្ត្រីរបស់ប្រទេសថៃ ក៏សុទ្ធតែស្រឡាញ់ទឹកដីដូចៗគ្នា ដោះស្រាយបញ្ចប់រឿងឱ្យច្បាស់ដែលរាប់រយឆ្នាំមិនដែលមាន ហើយទុកផលប្រយោជន៍ឱ្យប្រជាជនរស់នៅជាមួយគ្នា ព្រោះយើងគ្មានជម្រើសរើសប្រទេសចេញពីគ្នា យើងមានតែពង្រឹងកិច្ចសហប្រតិបត្តិការ»។
ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានឱ្យគោលការណ៍អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅចរចាជាមួយភាគីថៃ ដើម្បីតភ្ជាប់ផ្លូវព្រំដែនស្ទឹងបត់ ជាច្រកបាណង របស់ប្រទេសថៃ សម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលចេញ ចូលជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានប្រឹងប្រែងខិតខំព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដើម្បីយ៉ាងណាឱ្យប្រជាជនដែលរស់នៅតាមព្រំដែន ទទួលបានសេចក្តីសប្បាយ រកស៉ីចេញទៅវិញទៅមក បានដោយរលូន។ ដោយឡែកសម្រាប់កិច្ចការងារដែលនៅសេសល់ រាជរដ្ឋាភិបាលទាំងពីរ បានស្វែងរកដំណោះស្រាយដោយអហិង្សា គោលការណ៍ច្បាប់ និងបច្ចេកទេស ដូច្នេះ សូមអ្នកនយោបាយប្រឆាំងឡាយកុំបំផុសប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល និងរុញច្រានកំហឹងរបស់ប្រជាពលរដ្ឋ ដើម្បីប្រឆាំងជាមួយនឹងប្រទេសជិតខាងនាំឱ្យប្រជាជនឈ្លោះទាស់ទែងគ្នាជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកនយោបាយប្រឆាំងងាយស្រួលនឹងបោកប្រាស់ប្រជាពលរដ្ឋខ្លាំងណាស់ ដោយសារតែប្រជាពលរដ្ឋគ្រប់រូបមានបណ្តាញសង្គមនៅក្នុងដៃរៀងៗខ្លួន ត្រង់ចំណុចនេះហើយដែលផ្តល់ឱកាសងាយស្រួលដល់ក្រុមប្រឆាំង ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយ សម្រាប់បញ្ឆេះកំហឹងរបស់ប្រជាពលរដ្ឋ តាមរយៈការភ័ន្តច្រឡំនូវសកម្មបោកប្រាស់របស់អ្នកនយោបាយប្រឆាំង ពីព្រោះមានករណីមួយចំនួនបានកើតឡើងរួចមកហើយ។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិ ត្រូវថ្លឹងថ្លែងឱ្យច្បាស់លាស់ថា ប្រសិនបើយើងបង្កើតព្រឹត្តិការណ៍ណាមួយតើវានឹងអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិដែរ ឬទេ។ ការស្រឡាញ់ជាតិដូចតែគ្នានោះទេ តែវិធីសាស្ត្រធ្វើសូមឱ្យបងប្អូនប្រជាជនយើងយល់ថា កុំយករឿងបូរណភាពទឹកដី អធិបតេយ្យជាតិ ក្លាយទៅជារឿងនយោបាយឱ្យសោះ ដែលធ្វើឱ្យខាតប្រយោជន៍ជាតិ និងបាត់បង់ទំនាក់ទំនងរវាងប្រទេសជិតខាងដោយមិនមានហេតុផល៕