(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានណែនាំឲ្យកំណត់តំបន់ច្បាស់លាស់ដែលត្រូវយកថ្មបានផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រនូវគោលនយោបាយបស់ក្រសួងធនធានរ៉ែ និងថាមពល ដែលមិនអនុញ្ញាតឲ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ [...] ខ្ញុំបានសម្រេចលុបចោលអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរនៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យយោបល់បច្ចេកទេសរបស់ក្រសួងធនធានរ៉ែ និងថាមពល»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោកត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្ដេចបន្ថែមថា អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន។

បើតាមការឲ្យដឹងពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ សម្ដេចបានបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មី​បន្ថែមទៀត ក្នុងតំបន់អភិរក្សព្រៃឡង់ និងចារឯកភាពឲ្យបញ្ឈប់ការផ្ដល់រ៉ែ និងអាជ្ញាប័ណ្ណរុករករ៉ែផ្សេងៗក្នុងតំបន់ព្រៃឡង់ផងដែរ។ សម្ដេចបន្ដថា តំបន់ដែលមានអាជ្ញាប័ណ្ណត្រូវបង្រួមត្រង់កន្លែងណា ដែលមិនប្រតិបត្តិការចៀសវាងការទុកចោល និងធ្វើតាមក្របខណ្ឌ។

បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ណែនាំដល់ក្រសួងរ៉ែ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ ក្រសួងធម្មការនិងសាសនា ​និងរដ្ឋបាលខេត្តកំពត ត្រូវចុះទៅត្រួតពិនិត្យ និងអនុវត្តការងារនេះជាប្រញាប់ ដើម្បីអភិរក្សទីតាំងមួយនៅខេត្តកំពត និងរៀបចំធ្វើជាតំបន់បេតិកភណ្ឌ ដោយបង្វែរពីតំបន់យកថ្មកំបើរមកជាតំបន់ទេសចរណ៍ សហគមន៍៕