(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និង ថាមពល ត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ។
បន្ថែមលើនេះ សម្តេចបានបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រសួងរ៉ែ និង ថាមពល ត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ»។
សម្តេច បានបន្តថា «ដាក់មកខ្ញុំក៏ខ្ញុំអត់ស៊ីញ៉េដែរ។ តំបន់ព្រៃឡង់ អត់ឲ្យចេញអាជ្ញបណ្ណរុករករ៉ៃទៀតទេ»។
ជាមួយគ្នានេះ សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោកត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្ដេចបន្ថែមថា អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពង្រឹងការកៀរគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុត នូវរាល់សកម្មភាពរ៉ែអាណាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងលើកម្ពស់សុខុមាលភាពនិយោជិក កម្មករ ពង្រឹងការត្រូតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្តុក ការប្រើប្រាស់សាធាតុផ្ទុះ និងសាធាតុគីមី និងការដ្ឋានអាជីវកម្មធន់ធានរ៉ែឱ្យបានហ្មត់ចត់ផងដែរ។
បើតាមលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ១៥០% នៃផែនការក្នុងច្បាប់ថវិកា ឆ្នាំ២០២៤។
បន្ថែមពីនោះទៀតលោក កែវ រតនៈ បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មានចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែកចំណូលពីអាករលើការនាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍៕