(ម៉ាឡេស៊ី)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ចិន លើកទី២៣ ដើម្បីពិនិត្យផែនការសកម្មភាពដែលបានអនុវត្តកន្លងមក ក្រោមផែនការយុទ្ធសាស្រ្តស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនអាស៊ាន-ចិន និងកំណត់ទិសដៅសកម្មភាពដែលត្រូវអនុវត្តបន្ត។
នៅក្នុងបទអន្តរាគមន៍លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណដល់ភាគីចិន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌតំបន់។ លោកក៏បានលើកឡើងពីបណ្តាគម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកក្នុងការតភ្ជាប់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ ក្រោមការជួយគាំទ្រពីប្រទេសចិន។
គួរកត់សម្គាល់ថា នៅក្នុងប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ចិន លើកទី២៣ រដ្ឋមន្រ្តីដឹកជញ្ជូនបានកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ដែលបានកែសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន ឆ្នាំ២០២១-២០២៥ និងបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន -ចិន ក្រោយឆ្នាំ២០២៥៕