(ភ្នំពេញ)៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងសាកលវិទ្យាល័យន័រតុន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំជាន់ទី៥ នៃសាកលវិទ្យាល័យន័រតុន ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យន័រតុន និងលោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មេធាវី បុគ្គលិក និងនិស្សិតនៃស្ថាប័នទាំងពីរ ព្រមទាំងភ្ញៀវកិត្តិយស សរុបទាំងអស់ចំនួន២៨០នាក់។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់កិច្ចសហការទៅវិញទៅមក ក្នុងការពង្រឹងសមត្ថភាពរបស់និស្សិតផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យន័រតុន ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត តាមរយៈការផ្ដល់ ឱកាសឱ្យនិស្សិតចុះទស្សនកិច្ចសិក្សា ធ្វើកម្មសិក្សា (សិក្សាស្រាវជ្រាវសរសេរសារណា ឬនិក្ខេបបទ) ចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាការផ្ដល់ ឱកាសការងារនៅក្រុមហ៊ុនមេធាវី ដល់និស្សិតដែលមានបំណងចង់ស្វែងយល់ពីការអនុវត្តឱ្យកាន់តែស៊ីជម្រៅ។
នៅក្នុងអង្គពិធីនេះ លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យន័រតុន បានមានប្រសាសន៍ថា «ការចុះអនុស្សរណៈនៃការយោគយល់ នាថ្ងៃនេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់និស្សិតនៃសាកលវិទ្យាល័យន័រតុន ជាពិសេសនិស្សិតផ្នែកនីតិសាស្ត្រ ក្នុងការទទួលបាននូវការចែករំលែកទ្រឹស្ដីច្បាប់ ដោយផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍នៅក្នុងការអនុវត្តជាក់ស្តែង ដែលអាចជួយដុះខាត់ឱ្យនិស្សិតអាចត្រៀមខ្លួនរួចរាល់សម្រាប់ការបំពេញការងារនាពេលអនាគត»។
ទន្ទឹមនឹងនេះ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏បានបង្ហាញនូវក្ដីសោមនស្សចំពោះកិច្ចសហការនេះថា «ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ កំពុងចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យច្បាប់នៅកម្ពុជា ហើយការចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យន័រតុន គឺជាការបើកទំព័រថ្មីមួយទៀតរបស់ក្រុមហ៊ុនមេធាវី ដើម្បីផ្តល់ឱកាសក្នុងការចែករំលែកចំណេះដឹង ដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត»។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកមេធាវី ប៊ុន វិទូ នាយកគ្លីនិកច្បាប់ ស៊ីអាយស៊ី នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញស្ដីពី គ្លីនិកច្បាប់ ស៊ីអាយស៊ី ដែលជាតួអង្គសំខាន់មួយនៃក្រុមហ៊ុនមេធាវី ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យន័រតុន ដើម្បីជួយជំរុញឱ្យបេសកកម្ម និងគោលបំណងចម្បងនៅក្នុងអនុស្សរណៈនៃការយោគយល់នេះ អាចឈានទៅដល់គោលដៅបាន។
សូមគូសបង្ហាញផងដែរថា សាកលវិទ្យាល័យន័រតុន គឺជាស្ថាប័នអប់រំឯកជន មួយ នៅ ក្នុង ប្រទេស កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះក្នុងការអប់រំសម្រាប់ការអភិវឌ្ឍន៍ជំនាញផ្នែកនីតិសាស្ត្រ ផ្នែកស្ថាបត្យកម្ម ផ្នែកសំណង់ស៊ីវិល ផ្នែកពាណិជ្ជសាស្ត្រ និងជំនាញបច្ចេកទេសជាច្រើនផ្សេងទៀត។ សាកលវិទ្យាល័យដ៏ល្បីល្បាញមួយនេះ ត្រូវ បាន គេ បង្កើត ឡើងដំបូងនៅក្នុងឆ្នាំ១៩៩៦ និងបានវិវត្តខ្លួនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ រហូតទទួលបានការជឿទុកចិត្ត និងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីនិស្សិត ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
ដោយឡែក ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ និងបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ក្លាយជាក្រុមហ៊ុនមេធាវីឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកមេធាវី លី រដ្ឋធី ជាប្រធានក្រុមហ៊ុន ដោយមានការចូលរួមពីសហការី ជាមេធាវី និងបុគ្គលិក ពោរពេញទៅដោយសមត្ថភាព ជំនាញ និងការទទួលខុសត្រូវខ្ពស់៕