(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ឌី វិជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់​អំណោយ​ដល់អ្នកបោសសំអាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន ១,១៥០នាក់ ដែល​ពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ​កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក​រយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។

សមាសភាពអ្នកអនាម័យទាំងអស់មកពី៖
១៖ កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ​ មានចំនួន​ ៣៧៣នាក់​ ដែលជាមន្ត្រីជាប់កិច្ចសន្យា​។

២៖ កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន ៧៤៣​នាក់​ ក្នងនោះមានក្រុមហ៊ុន​ 800 Super ចំនួន ៦៤នាក់​ , ក្រុមហ៊ុន​មីហ្សូដា​ សានីថេសិន​ ចំនួន ៥៦២​នាក់, ក្រុមហ៊ុនសុិនទ្រី​ចំនួន ១១៦​នាក់​។

នៅក្នុងឱកាសនោះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់អ្នកអនាម័យទាំងអស់ដែលបានខិតខំបំពេញការងារ​បាន​យ៉ាងល្អ ជាពិសេស​ក្នុង​ការ​បោសសំអាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការ​ប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឱ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។

នៅក្នុងឱកាសនោះ លោក និងលោកស្រី ក៏បានផ្ដល់ជូនអំណោយដល់បងប្អូន​ដែលបាន​ចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានមីជាតិ ១កេស, ត្រីខ ១យួរ, នំស្រួយលីលី, ទឹកដោះគោខាប់ ៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់​១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕