(មណ្ឌលគិរី)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នាឱកាសលោកបណ្ឌិត នួន ដាញ៉ិល បានឱ្យដឹងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់ អនាម័យជនបទ ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ និងផ្លូវនៅតាមក្រវាត់ព្រំដែននេះជាដើម ។
លោកបណ្ឌិត លើកឡើងបន្តថា ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរហ៊ុច ឆ្ពោះទៅផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះជាដើម ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងការចល័តរបស់កងកម្លាំងដែលប្រចាំការនៅតាមក្រវាត់ព្រំដែនផង។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះលោកបណ្ឌិត នួន ដាញ៉ិល បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងអនុវត្តសម្រេចទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ។
លោកបណ្ឌិត បានបន្ថែមថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង សំដៅធានាការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញធ្វើអន្តរកម្មផ្នែកសង្គម និងសេដ្ឋកិច្ច ការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជនជាដើម, បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននឹងកំពុងខិតខំយកចិត្តទុកដាក់អនុវត្តការងារទាំងនេះឱ្យឆ្លើយតបទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕