(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំទាំង៨ នៃស្រុកកោះសូទិន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងកន្លែងដែលប្រជាពលរដ្ឋសំណូមពរជួសជួលផ្លូវដីស១ខ្សែ ទៅចំការប្រវែង៣,៥០០ម៉ែត្រ កាលពីថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៤ ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ជាមួយប្រជាពលរដ្ឋ ឃើញថា ផ្លូវមានសភាពផ្លូវខូចខាតខ្លាំង។

លោកប្រធានក្រុមការងារ បានសន្យាថា នឹងជួសជុលផ្លូវ១ខ្សែនេះ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០២៥ខាងមុខ។

ក្រោយមកលោក ឡោ សុឡេង ក៏បានបន្ដដឹកនាំក្រុមការងារចុះទៅពិនត្យមេីលរណ្ដៅដីនៅមាត់ទន្លេ​ ស្ថិតនៅភូមិកំពង់រាលើ ដែលក្រុមអាជីវកម្មជីកយកអាចម៍ដីមកលក់​។ ក្នុងនោះលោកណែនាំមិនអនុញ្ញាតឲ្យក្រុមអាជីវកម្មទាំងនោះ បន្តជីកយកអាចម៍ដីនៅមាត់ទន្លមកលក់ទៀតឡើយ។

ជាមួយគ្នានេះ លោកបានពិនិត្យមេីលផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅភូមិកំពង់រាបក្រោម​ ឃុំកំពង់រាប​ ហេីយលោុំទទួលជួយជួសជុលផ្ទះជូនគាត់​ និងទទួលសាងសង់ផ្ទះមួយខ្នងជូនលោកអនុសេនីយ៍ឯក ទិន​ ធី​ និងប្រពន្ធ ឈ្មោះ​ ប្រាក់​ ណាវី​ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប (ធ្វេីអំពីដែកប្រក់សង្កសី) គិតជាទឹកប្រាក់ប្រមាណ១០លានរៀល។

ឆ្លៀតក្នុងឱកាសនោះ លោក ឡោ សុឡេង បានចុះពិនិត្យទីតាំងស្នាក់ការគណបក្សឃុំព្រែកតានង់ និងផ្លូវភូមិទី៣ ភូមិទី១១ ដោយបានឧបត្ថម្ភដល់ស្នាក់ការគណបក្សឃុំសម្រាប់សាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕