(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភកម្ពុជា និង លោក ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលប្រទេសនិងពលរដ្ឋទំាងពីរ ទទួលបានពីកិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងរវាងកម្ពុជានិងវៀតណាម។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានប្តេជ្ញាចិត្តបន្តពូនជ្រំ លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិបន្តទៀត។
សម្តេចរដ្ឋសភាធិបតី និង លោក ត្រិន ថាញ់មិន បានបង្ហាញសុទិដ្ឋិនិយមដូច្នេះនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែល លោកប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញដឹកនំាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្ដភាព នៅកម្ពុជារយៈពេល៤ថ្ងៃ។
សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន មានដូចជា ពិធីសម្ពោធអគាររដ្ឋបាលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានតម្លៃ សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដ៏មានសារៈសំខាន់ជូនរដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលនេះគឺជានិមិត្តរូបមួយ នៃចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតល្មួតនៃប្រទេសទាំងពីរផងដែរ។
លោក ត្រិន ថាញ់មិន បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានរៀបចំទទួលស្វាគមន៍ ធ្វើបដិសណ្ឋារកិច្ចជូន លោកនិងគណៈប្រតិភូទំាងអស់យ៉ាងកក់ក្តៅជាទីបំផុត។ លោកបានគូសបញ្ជាក់ថាប្រទេសវៀតណាមបានផ្តល់អាទិភាពខ្ពស់បំផុតចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីនិងជាបងប្អូនរវាង កម្ពុជា-វៀតណាម ដែលមានតំាងពីយូរលង់ណាស់មកហើយ។ ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងនេះបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនទំាងសងខាង។
លោកប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសទី១ ដែលលោកបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីបានចូលកាន់តួនាទីជាប្រធានរដ្ឋសភា។
លោកក៏បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចលើកទី១ នៅក្រៅប្រទេសដែរ បន្ទាប់ពីសម្តេចបានទទួលភារកិច្ចជាប្រធានរដ្ឋសភា ។
សម្តេចរដ្ឋសភាធិបតី និង លោកត្រិន ថាញ់មិន បានលើកឡើងដូចគ្នាថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី មានសារៈសំខាន់មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនប្រទេសទំាងពីរប៉ុណ្ណោះទេ តែនឹងផ្តល់ផលប្រយោជន៍ជាអន្តរជាតិ នៅក្នុងស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រឈមហានិភ័យខ្ពស់ មានការប្រែប្រួលឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា មានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ កាន់តែមានសភាពធ្ងន់ធ្ងរ ដូចសព្វថ្ងៃនេះ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ហើយបានរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋសភា វិស័យឯកជន ពិសេសប្រជាជននិងប្រជាជន។
សម្តេចរដ្ឋសភាធិបតី និង លោក ត្រិន ថាញ់មិន បានប្តេជ្ញារួមគ្នានៅក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែជិតស្និទ្ធឡើង ដោយយកពលរដ្ឋជាស្នូល។ នៅក្នុងនោះនឹងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិសភាជាស្រ្តី និងកម្រិតអគ្គលេខាធិការដ្ឋាន ផងដែរ។
ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានសន្យាថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វិនិយោគ សន្តិសុខប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត។
សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ហើយរំពឹងថានឹងសម្រេចបានលើសពី ១០ ពាន់ លានដុល្លារ នៅចុងឆ្នាំ២០២៤នេះ៕