(បាត់ដំបង)៖ លោក យ៉ាន ឧត្តម នាយករងសាខា និងជាមន្រ្តីគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍សាខាខេត្តបាត់ដំបង សហកាជាមួយគណៈគ្រប់គ្រងវិទ្យាល័យសម្តេចឪ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអប់រំផ្សព្វផ្សាយស្តីពីការចូលរួមការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញព្រមទាំងបញ្ច្រាប់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សចំនួន ៥៧នាក់ ស្រី៤០នាក់ នៃវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការសកម្មភាពប្រជាជនដើម្បីអភិវឌ្ឍបរិយាបន្ន(PAfID)តាមរយៈកាកបាទក្រហមកម្ពុជា។
ថ្លែងក្នុងឱកាសផ្សព្វផ្សាយនេះដែលលោក យ៉ាន ឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ឪពុកម្តាយ អាណាព្យាបាលកុមារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។
លោកបានលើកឡើងពីគោលបំណងនៃវគ្គវគ្គផ្សព្វផ្សាយ គឺដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានស្វែងយល់ពីហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចបង្ការការពារកុមាៗកុំឱ្យក្លាយជាជនរងគ្រោះធ្លាក់ចូលក្នុងការកេងប្រវ័ញ្ចផ្លូវភេទ ខណៈពេលបច្ចុប្បន្ននេះកុមារ និងយុវវ័យមានការប្រើប្រាស់អ៊ីនធឺណិតតាមរយៈទូរស័ព្ទដៃច្រើន ដោយឪពុកម្តាយ អាណាព្យាបាលមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការតាមដាន អប់រំ និងថែទាំជាប់ជាប្រចាំ។
លោកក៏បានគូសបញ្ជាក់ថា អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ បានក្លាយជាបញ្ហាសាកល និងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំង ឪពុកម្តាយ អាណាព្យាបាល សាធារណជន អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងបង្ការការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ ។
លោកនាយរងប្រតិបត្តិសាខា សង្ឃឹមនិងជឿជាក់ថា បន្ទាប់ពីទទួលបានវគ្គផ្សព្វផ្សាយនេះសិស្សានុសិស្សទាំងអស់ នឹងបន្តយកចិត្តទុកដាក់និង ប្រុងប្រយត្ន័ ក៏ដូចជាប្រាប់ផ្ស្វផ្សាយបន្តអំពីហានិភ័យនានា ដែលអាចកើតមានឡើង តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ សំដៅរួមគ្នាបង្ការ និងការពារយុវវ័យ កុមាររបស់យើង ឱ្យចៀសផុតពីការកេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជាអំពើអសកម្មនានាតាមប្រព័ន្ធអនឡាញ ។
ក្នុងករណីមានការសង្ស័យពីការរំលោភបំពានផ្លូវភេទលើកុមារ សូមទូរស័ព្ទទៅកាន់លេខ ០៩២ ៣១១ ៥១១ ( រាល់ការរាយការណ៍នឹងត្រូវបានរក្សាការសំងាត់ )៕