(កំពង់ធំ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជំរុញដល់មន្ទីរសង្គមកិច្ច និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធឲ្យបានល្អ​ដើម្បីបម្រើប្រជាពលរដ្ឋ។

លោក ជា សុមេធី បានថ្លែងដូចនេះនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃ​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅសាខាមូលនិធិជាតិជំនួញសង្គមខេត្ត នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

លោកបន្តថា ចំពោះប្រធាន អនុប្រធាន និងមន្ត្រី នៃសាខាមូលនិធិជាតិជំនួយសង្គមដែលទើបតែងតាំងថ្មីសូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតីឯកភាពគ្នា​ជាកម្លាំងតែមួយ​ក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវា ជូនប្រជាពលរដ្ឋ។ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀតទោះបីមន្ទីរមិនទទួលបន្ទុកផ្ទាល់​លើការងារសាខា​ មូលនិធិជាតិជំនួយសង្គម និងសាខាមូល និធិជនពិការក៏ដោយ ក៏ប្រធានមន្ទីរត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការ សម្រាប់ក្រសួងក្នុងកា​រតាមដានការអនុវត្តកិច្ចការនេះ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

លោកបញ្ជាក់ថា មន្ទីរ និងអង្គភាពនានាចំណុះក្រសួងត្រូវជំរុញការកំណត់ អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ ព័ន្ធចូលក្នុងកម្មវិធីជាតិ​ជំនួយសង្គម​ក្នុងកញ្ចប់​គ្រួសារឱ្យបានឆាប់រហ័ស។មន្ទីរសង្គមកិច្ច ត្រូវជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជនដែលមាន កាតព្វកិច្ចជ្រើសរើសជនមានពិការភាព​ឱ្យចូលបម្រើការងារ​ស្របតាមច្បាប់កំណត់។ សហការជាមួយអ្នកពាក់ព័ន្ធរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សតាមរយៈជំរុញការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាននិងការជឿ​តាមការបោក​បញ្ឆោត និងការអូសទាញរបស់មេខ្យល់ និងត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមានដំណើរការល្អ​សម្រាប់សមាគមមនុស្សចាស់​តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះ និងងាយរងគ្រោះផ្សេងៗទៀត​ឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសង្គមកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា សមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំដែលទើបតែងតាំងមាន៖ លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត, លោកស្រី កែវ ចាន់ធូ ជាអនុប្រធានសាខា​មូលនិធិជាតិ​ជំនួយសង្គម, លោក កែវ សុផាន់ណារ៉ា ជាប្រធានការិយាល័យ រដ្ឋបាល និងគណនេយ្យ, លោក លី សុភារ៉ា ជាប្រធានការិយាល័យជំនួយសង្គម, លោក ស៊ុន តុលា ជាអនុប្រធានការិយាល័យ​ជំនួយសង្គម, លោក ខៀវ ម៉េងលាង ជាប្រធានការិយាល័យគ្រប់គ្រងអតីតមន្ត្រីរាជការស៊ីវិល, លោកស្រី គឹន ច័ន្ទដាវី ជាអនុប្រធានការិយាល័យគ្រប់គ្រង អតីតមន្ត្រីរាជការស៊ីវិល, លោកស្រី ប៉ោ ចេក ជាប្រធានការិយាល័យគ្រប់គ្រងអតីតយុទ្ធជន និងលោកស្រី សំ ថារី ជាអនុប្រធានការិយាល័យគ្រប់គ្រងអតីតយុទ្ធជន៕