(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសត្រូវខិតខំបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋានឈរជើងឱ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់បទបញ្ជារដូចនេះ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិប្រចាំខែវិច្ឆិកា ពង្រឹងជម្រុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ឃុំ សង្កាត់។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងនូវការកោតសរសើរដល់កម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្តទាំងអស់ ដែលតែងតែអនុវត្តបានយ៉ាងល្អប្រសើរបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ពិសេសរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទំនប់៩៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងផ្តល់អនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ និងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន។
ពិសេសត្រូវខិតខំបង្រ្កាបទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដូចជាបទល្មើសក្មេងទំនើង បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ក៏ដូចជាបទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទខុសច្បាប់ផងដែរ។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានប្រគល់ជូននូវសៀវភៅផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ(២០២៤-២០២៩) របស់ក្រសួងមហាផ្ទៃ និងផ្ដល់ជូននូវលិខិតសរសើរ ដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផងដែរ៕