(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។

ការបញ្ជាក់ឲ្យដឹងបែ​បនេះ របស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ១៥០% នៃផែនការក្នុងច្បាប់ថវិកា ឆ្នាំ២០២៤»។

បន្ថែមពីនោះទៀត លោក កែវ រតនៈ បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍។

លោក កែវ រតនៈ បានលើកឡើងថា ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយ ដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រសួងបានផ្តោតការយកចិត្តទុកដាក់បន្ថែម លើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ ដែលមានលក្ខណៈជាមរតកប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជាតិ។

ក្រសួងរ៉ែ ក៏បានបង្កើនការផ្តល់អត្ថប្រយោជន៍នានា ដល់សហគមន៍មូលដ្ឋាន ដែលមានទីតាំងជាប់ការដ្ឋានរ៉ែ ជាក់ស្តែងក្នុងឆ្នាំ២០២៣-២០២៤នេះ ក្រសួងបានប្រើប្រាស់មូលនិធីរ៉ែ សម្រាប់ការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា ដូចជាស្ថាបនាសាលារៀន ផ្លូវ ស្រះ -ល- ចំនួន៤២គម្រោង ក្នុងទឹកប្រាក់សរុបចំនួន ប្រមាណ៣.២៨លានដុល្លារអាមេរិក៕