(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក កែវ រតនៈ បានបញ្ជាក់ថា «នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោងចក្រ ចម្រាញ់ប្រេងកាតក្នុងប្រទេស ជំហានទី១ ជាមួយនឹង ការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុង ជាយុទ្ធសាស្ត្រ Strategic Petroleum Reserve ទោះបីជាប្រទេសយើងមានទីផ្សារប្រេង នៅតូចក៏ដោយ»។
រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយមួយដែលបន្តធានា៖
(១)៖ ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈការផ្តល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ
(២)៖ ត្រៀមរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័នទាំងក្នុង និង ក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA)
(៣)៖ បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត
(៤)៖ ឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។
រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏បានផលប្រយោជន៍ខ្លះរួចមកហើយ ពីប្រតិបត្តិការនៅ Block A ហើយក្រសួងកំពុងស្វែងរក អ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុង និងក្រៅតំបន់ OCA ផងដែរ។
ចំពោះផ្នែក Downstream ក្រសួងបានផ្តល់ភាពងាយស្រួល ជូនបងប្អូន អាជីវករ ក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និងបន្ថយពេលវេលាអនុម័ត ដែលបច្ចុប្បន្នមានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង២ម៉ឺនកន្លែង ដល់បងប្អូនប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមការងារអធិការកិច្ច ក៏កំពុងបន្តចុះណែនាំ និងផ្សព្វផ្សាយលើទិដ្ឋភាពសុវត្ថិភាពទូទាំងប្រទេសជាប្រចាំ។
លោក កែវ រតនៈ បានឲ្យដឹងទៀតថា «នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោងចក្រ ចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១ ជាមួយនឹង ការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុង ជាយុទ្ធសាស្ត្រ Strategic Petroleum Reserve ទោះបីជាប្រទេសយើង មានទីផ្សារប្រេងនៅតូចក៏ដោយ»។
លោកបន្ដទៀតថា ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០មេហ្គាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តកោះកុង។
ទន្ទឹមនេះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ ស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។
លោក កែវ រតនៈ បានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ វិស័យប្រេងកាតបានផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ច ជូនរដ្ឋបានចំនួនប្រមាណ ១២.៣៥ លានដុល្លារអាមេរិក៕