(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ចំនួនអនុស្ថានីយកើនឡើងរហូតដល់ ៧០កន្លែង ខណៈបច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧.៨២% នៃលំនៅដ្ឋានទូទាំងប្រទេស។

ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្ដថា «លទ្ធផលនៃការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយជាបន្តបន្ទាប់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្ពុជា កើនឡើងពី ៣៧០៨,៥៦គីឡូម៉ែត្រ នៅឆ្នាំ២០២៣ រហូតដល់ ៣៨៩០.៦៥៧គីឡូម៉ែត្រ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី៦៨កន្លែង នៅឆ្នាំ២០២៣ ឡើងរហូតដល់៧០កន្លែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤»

លោក កែវ រតនៈ បានបញ្ជាក់ថា ដើម្បីបង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងទីក្រុង និងជនបទ ក្រសួងនឹងបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពផ្គត់ផ្គង់ឱ្យបានដល់គ្រប់ទីកន្លែង។

លោកបានបញ្ជាក់ថា «បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥%នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់៩៧.៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី «គីឡូម៉ែត្រចុងក្រោយ The Last Mile» ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០ភាគរយ»