(វៀងច័ន្ទ)៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ (11th ADMM-Plus) បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសជាសមាជិកADMM-បូក ចំនួន១៨ប្រទេស និងរដ្ឋមន្រ្តីការពារជាតិទីម័រខាងកើត ចូលរួមសង្កេតការណ៍។

គណៈប្រតិភូការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំ ADMM-Plus លើកទី១១ ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងនាយទាហានជាន់ខ្ពស់ នៅក្នុងក្រសួងការពារជាតិមួយចំនួនទៀត។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ, នាយឧត្តមសេនីយ៍ ច័ន្ទសាម៉ន ច័ន្ទយ៉ាឡាត បានលើកឡើងថា កិច្ចប្រជុំកំពុងប្រព្រឹត្តទៅចំពេលដែលស្ថានការណ៍សន្តិសុខតំបន់ និងសកលលោកកំពុងកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ តំបន់មួយចំនួនកំពុងប្រឈមមុខនឹងសង្រ្គាមដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត និងឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ហើយកិច្ចប្រជុំនាថ្ងៃនេះគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិជួបពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់សន្តិភាពសន្តិសុខ និងភាពធន់ក្នុងតំបន់។

កិច្ចប្រជុំ ADMM-បូក បានប្រព្រឹត្តទៅដោយមានធ្វើសេចក្តីរាយការណ៍សង្ខេបដោយឧត្តមមន្រ្តីការពារជាតិអាស៊ាន-បូក (ADSOM-Plus Meeting) ដែលប្រទេសឡាវជាប្រធាន និងរបាយការណ៍វឌ្ឈនភាពថ្មីៗនៅក្នុងអាស៊ាន ដោយអគ្គលេខាធិការអាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ និងអ្នកតំណាងនៃបណ្តាប្រទេសជាសមាជិក ADMM-បូក បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីបញ្ហាវិវឌ្ឍន៍នៃសន្តិសុខក្នុងតំបន់ និងសកលលោក ដោយផ្តោតបង្ហាញពីក្តីកង្វល់សន្តិសុខ និងការគិតគូរស្វែងរកវិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមដែលអាចកើតមាន។

ថ្លែងនៅក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសង្កត់ធ្ងន់លើគុណតម្លៃគ្រឹះរបស់អាស៊ាន និងមជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនាក្នុងតំបន់ ហើយបណ្តាសមាជិកត្រូវពង្រឹងយន្តការនេះដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការលើកពង្រឹងសន្តិសុខ សន្តិភាព ក៏ដូចជាពង្រឹងសមត្ថភាពរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌក្រុមការងារជំនាញ ADMM-បូក កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ការធ្វើសហប្រធាននៃក្រុមការងារជំនាញស្តីពីសកម្មភាពដោះមីនដើម្បីមនុស្សធម៌ សម្រាប់ឆ្នាំ២០២១-២០២៤ ដោយជោគជ័យ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ សម្រាប់ឆ្នាំ២០២៤-២០២៧ កម្ពុជានឹងសហការជាមួយអូស្ត្រាលី ដើម្បីធ្វើជាសហប្រធានក្រុមការងារជំនាញ ក្នុងវិស័យសន្តិសុខសាយប័រ បន្តទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការរួមចំណែកជាវិជ្ជមានរបស់កម្ពុជាដល់សន្តិសុខតំបន់។

ជុំវិញការវិវឌ្ឍន៍សន្តិសុខថ្មីៗនៅក្នុងតំបន់ និងសកលលោក, រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើ់ងអំពីផលប៉ះពាល់ និងសោកនាដកម្មនៃសង្គ្រាម ហើយសង្រ្គាមមិនអាចយកទៅបញ្ចប់សង្រ្គាមបានទេផ្ទុយទៅវិញសង្គ្រាមនឹងបង្កើតគ្រោះមហន្តរាយមនុស្សធម៌ដោយជៀសមិនផុត។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជាដែល តែងតែគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ព្រោះសន្តិភាព និងវិបុលភាពពិតប្រាកដ គឺអាចកើតចេញតែពីការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ដោយឈរលើគោលការណ៍ឈ្នះឈ្នះដែលចាំបាច់ត្រូវតែមានការចូលរួម និងការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីស្វែងយល់ពីគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងការផ្តល់អាទិភាពលើសុខុមាលភាពរបស់ប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានគួសបញ្ជាក់សារជាថ្មីថា «កម្ពុជានឹងបន្តការរួមចំណែកដល់ប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលនេះនឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និងសន្តិសុខសកល»៕