(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា «សារមន្ទីរតេជោសន្តិភាព» ដែលជាជំនួយរបស់ប្រទេសជប៉ុន មិនត្រឹមតែជាកន្លែងសិក្សា ស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានា ដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាមផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហេង រតនា នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព នៃការសាងសង់សារមន្ទីរតេជោសន្តិភាព នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ហេង រតនា បន្តថា អស់ពេលជាង៣២ឆ្នាំមកហើយ ដែលប្រទេសជប៉ុនបានជួយដល់ស៊ីម៉ាក សម្រាប់វិស័យមីននៅកម្ពុជា ហើយជំនួយទាំងនោះមានជាសម្ភារមានជាថវិកា ក៏ដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយ គឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។
លោកបានបន្តថា ប្រទេសកម្ពុជាដែលបានទទួលរងនូវមរតកនៃសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ បានបន្សល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់កប់ក្នុងដីនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់អាយុជីវិតរាប់មិនអស់ និងកិច្ចខិតខំប្រឹងប្រែង កសាងប្រទេសឡើងវិញ ដើម្បីការពារមនុស្សជំនាន់ក្រោយ និងទប់ស្កាត់ការកើតមានឡើងវិញ នៃសោកនាដកម្មបែបនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសាងសង់សារមន្ទីរសន្តិភាពតេជោ ដែលនឹងបង្ហាញពីការពិត នៃការគម្រាមកំហែងពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងផលវិបាករបស់វាផងដែរ។
លោក ហេង រតនា បានបញ្ជាក់ថា ជប៉ុនជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថា វាមិនត្រឹមតែជាទីកន្លែង សិក្សាស្រាវជ្រាវអំពប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានា ដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតិតផងដែរ។
លោកបន្ថែមថា ក្នុងរយៈពេល៣២ឆ្នាំនៃការបង្កើត (CMAC) ជាលទ្ធផលអង្គភាព(CMAC) បានចូលរួមចំណែកក្នុងការបោសសម្អាតផ្ទៃដី ដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានផ្ទៃក្រឡាជាង ២ពាន់គីឡូម៉ែត្រក្រឡា ដែលគិតពីចំនួនគ្រាប់មីន រួមទាំងគ្រាប់មីនត្រូវបានកំទេចចោល ចំនួនប្រមាណ ៣លាន២សែនគ្រាប់ នៅក្នុងក្របខណ្ឌ(CMAC) ដោយគិតពីគ្រប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីជាលទ្ធផល ស្មើ ៧២% នៃលទ្ធផលសរុបក្រមខណ្ឌនៅទូទាំងប្រទេស។ (CMAC) ក៏បានកសាងសមត្ថភាព ធ្វើការអប់រំ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ស្តីពីមីន ដោយក្នុងមួយឆ្នាំៗបានជាង១លាន២សែន ទៅ ១លាន៥សែននាក់ ។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC, ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពCMAC និងការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ដោយក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះ បន្ទាប់ពីមានការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុន លើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីន មនុស្សធម៌ដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជា ប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៉ីរ៉ាក់ជាដើម៕