(ហ្វីលីពីន)៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) បានបញ្ចប់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជៃគូ រវាងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) ក្រោមប្រធានបទ «កងទ័ពជើងគោកអាស៊ានឆ្នាំ២០២៤៖ ពង្រឹងភាពជាដៃគូ និងមិត្តភាព ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់» (ASEAN ARMIES 2024៖ STRENGTHENING PARTNERSHIP AND CAMARADERIE TOWARD REGIONAL STABILITY) ដែលមានមានការចូលរួមពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស។

ក្នុងអំឡុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានទទួលស្គាល់អំពីបញ្ហាប្រឈមមួយចំនួន ដែលតំបន់អាស៊ានកំពុងជួបប្រទះមានដូចជា៖ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងនៅក្នុងលំហឌីជីថល។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយបានលើកឡើងនូវគោលគំនិតយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ កសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ បង្កើនអន្តរប្រតិបត្តិការ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់មានដូចជា១) សារៈសំខាន់នៃការទូតយោធា, ២) ការហ្វឹកហ្វឺន និងធ្វើលំហាត់រួមគ្នា, (៣ ការយល់ដឹងអំពីវប្បធម៌ចម្រុះ, ៤) កិច្ចសហការការងារមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ និង៥) កិច្ចសហការតាមបណ្តោយព្រំដែន៕