(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់ លោក ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។

ការផ្តល់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រីជូន លោកប្រធានរដ្ឋសភាវៀតណាមនាឱកាសនេះ ជាការឆ្លើយតបជូន លោកប្រធានរដ្ឋសភា ដែលបានខិតខំចូលរួម លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ពិសេសទំនាក់ទំនងរដ្ឋសភាកម្ពុជា និងវៀតណាម ឱ្យមានការរីកចម្រើនរឹងមាំឡើងបន្ថែមទៀត។ នៅក្នុងនោះ លោក ត្រិន ថាញ់មិន ក៏បានខិតខំសម្របសម្រួលដល់ការអនុវត្តគម្រោងហិរញ្ញប្បទានដែលបក្សរដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជំនួយ២៥លានដុល្លារ ដល់ការសាងសង់អគាររដ្ឋបាលថ្មី ជូនរដ្ឋសភាកម្ពុជាផងដែរ។

បន្ថែមពីនេះទៀត អគារដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះផងដែរ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក ត្រិន ថាញ់មិន។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋសភាកម្ពុជា ដែលបានផ្តល់ជូនលោក នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ។ គ្រឿងឥស្សរិយយសនេះ មិនមែនត្រឹមជាការផ្តល់កិត្តិយសជូនលោកប៉ុណ្ណោះទេ លោក ត្រិន ថាញ់មិនតែជាកិត្តិយសជូនប្រជាជនវៀតណាមទំាងមូល។

សូមជម្រាបដែរថា លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរយៈពេល៤ថ្ងៃ ដោយតបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា៕