(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូន ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាកន្លងមក។
ការទទួលមុខតំណែង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើងវិញនេះ ពិតជាស័ក្តិសមចំពោះគុណវុឌ្ឍិរបស់ឯកឧត្តម ដែលជាជើងឯកខាងការទូត ដោយបានដឹកនាំគោលនយោបាយការបរទេសរបស់ រាជរដ្ឋាភិបាលកន្លងទៅ ប្រកបដោយសុទិដ្ឋិនិយម សំដៅការពារសន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងអត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិនារយៈពេលកន្លងមក។ ជាពិសេសឯកឧត្តមបានរួមវិភាគទានយ៉ាងសកម្មក្នុងការដឹកនាំជាតិមាតុភូមិ ឆ្ពោះទៅរកភាពជោគជ័យលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី លិទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យជារៀងរហូតមក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕