(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នឹងរៀបចំ «វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤» ក្រោមប្រធានបទ «ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត»

វេទិកានេះ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

«វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤» នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងមកពីក្រសួង ស្ថាប័ន សហគ្រាស និងក្រុមហ៊ុន ឯកជន ហើយក៏អនុញ្ញាតជូនសាធារណជនទូទៅ អាចចូលរួមវេទិកា តាមរយៈអនឡាញ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ai2024 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕