(ភ្នំពេញ)៖ នៅចំពោះមុខគណៈប្រតិភូអន្តរជាតិដែលតំណាងឱ្យនយោបាយជិត៦០នៅទូទាំងទ្វីបអាស៊ី លោក Mushahid Hussain Syed សហប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP កោតសរសើរពេញៗមាត់ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ថាជា «បុរសខ្លាំង» បុរសដែលបានដឹកនាំកម្ពុជាឱ្យរួចផុតពីភ្លើងសង្គ្រាម ដឹកនាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពិសេសគឺនយោបាយឈ្នះឈ្នះរបស់សម្ដេច ហើយមិនតែប៉ុណ្ណោះ សហប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP រូបនេះ ក៏បានចាត់ទុកសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសដ៏មានសក្ដានុពល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តតាមនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន។

ការកោតសរសើរទាំងទឹកមុខញញឹមជឿជាក់នេះ ធ្វើឡើងក្នុងពិធីបើកមហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្លឹងទៅកាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រតិភូជាតិ និងអន្តរជាតិដទៃទៀត លោក Mushahid Hussain បានឱ្យដឹងថា លោកបានមកទស្សនកិច្ចប្រទេសកម្ពុជាប្រមាណ២០លើកមកហើយ ពោលគឺតាំងពីប្រទេសកម្ពុជា នៅមិនទាន់បញ្ចប់សង្គ្រាមស៉ីវិល តាំងពីពេលដែលកម្ពុជាស្ទើរតែគ្មានអ្វីទាំងអស់ ប្រជាពលរដ្ឋនៅមានភាពក្រីក្រនៅឡើយ រហូតដល់ពេលដែលកម្ពុជារំលត់ភ្លើងសង្គ្រាម ឈានដល់ការផ្សះផ្សាឯកភាពជាតិ។ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ ឃើញថាកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងក្លាយជាប្រទេសគំរូមួយនៅលើសកលលោកក្នុងការរំលត់ភ្លើងសង្គ្រាម ការផ្សះផ្សាជាតិ ក៏ដូចជាកសាងនិងថែរក្សាសន្តិភាព។

លោកបានថ្លែងយ៉ាងដូច្នេះថា «យ៉ាងណាមិញ សម្ដេចតេជោ ​ហ៊ុន សែន គឺជាឧត្តមឥស្សរជនមួយរូបក្នុងការបុព្វហេតុកម្ពុជា, ខ្ញុំអាចនិយាយបានថា សម្ដេចតេជោ ហ៊ុន សែន គឺជាបុរសខ្លាំង (Strong Man) ហើយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសដ៏មានសក្ដានុពល គឺជាតួអង្គដ៏សំខាន់ដែលដើរតាមនយោបាយរបស់សម្ដេចតេជោ»

លោកថា ទាំងនេះគឺអ្វីដែលយើងហៅថា ការរំលត់ភ្លើងសង្គ្រាម ការផ្សះផ្សាជាតិ ការស្វែងរកសន្តិភាព ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា និងបន្តការកសាងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាវិធីសាស្ត្រ យន្តការដោះស្រាយ ដែលយើងហៅថានយោបាយឈ្នះ-ឈ្នះ។ នេះហើយជាគំរូដ៏ល្អបំផុតសម្រាប់ពិភពលោក ដែលជាគំរូដ៏ឧត្តុង្គឧត្តមមិនកាត់ថ្លៃបាន។

សហប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP វ័យ៧២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គំរូទាំងនេះក៏ជាចំណុចដែលយើងគួរតែយកមកអនុវត្តសម្រាប់គោលការណ៍សុខសន្តិភាពនៅទ្វីបអាស៉ីយើង ហើយក៏ជាចំណុចដែលមហាសន្និ​បាត ICAPP គួរលើកយកពិភាក្សានាឱកាសនេះដែរ។

សូមជម្រាបថា លោក Mushahid Hussain ធ្លាប់ជាអ្នកសារព័ត៌មានប៉ាគីស្ថាន ហើយបានចូលប្រឡូកជាអ្នកនយោបាយនៅប្រទេសប៉ាគីស្ថានតាំងពីទសវត្សរ៍៩០។ តាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ន លោក Mushahid Hussain ក៏បានក្លាយជាសមាជិកព្រឹទ្ធសភាប៉ាគីស្ថានមកពីគណបក្ស Pakistan Muslim League (N) ហៅកាត់ PMLN៕