(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣នៅកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកមហាសន្និបាត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២។ មហាសន្និបាតនេះ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេស ដែលហៅខ្លួនឯងថា ជាប្រទេស​ប្រជាធិបតេយ្យ កុំឲ្យសាងកំហុសលើកទី៣ មកលើកម្ពុជា, លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេ គឺទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឲ្យរបបនេះ កាន់កាប់អសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ»

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា ចំពោះចក្ខុវិស័យរបស់សម្ដេច លើសន្ដិភាពនៅក្នុងតំបន់ និងសាកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំ លើការថែរក្សាឲ្យបាន នូវសណ្ដាប់ធ្នាប់អន្ដរជាតិ ដោយផ្អែកលើបទដ្ឋាន ដែលទទួលស្គាល់ជាសាកល។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដែលផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក, ការជឿទុកចិត្ដគ្នាទៅវិញទៅមក, ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឲ្យបានថា សាមគ្គីភាពអន្ដរជាតិ ភាពសុខដមរមនា និងសន្ដិសហវិជ្ជមាន រវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។

សម្តេចតេជោ ហ៊ុន សែន ដឹងច្បាស់ថា ពិភពលោករបស់យើង ពឹងអាស្រ័យលើទំនាក់ទំនងគ្នា ទៅវិញទៅមក ហើយសម្ដេចជឿជាក់ដែលថា សន្ដិភាព និងសន្ដិសុខ ក៏ដូច្នេះដែរ។ នៅត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្ដិភាពនោះទេ យើងត្រូវខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួម ជាចំណុចចាប់ផ្ដើម មុននឹងឈានចូលដល់តុចរាចារ ក្នុងគោលបំណងបង្រួបភាពខុសគ្នារ​បស់យើង, បន្ធូរបន្ថយភាពតាងតឹង និងដោះស្រាយ ជំនួសដោយសន្ដិវិធី។

សូមជម្រាបថា មហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP មានបណ្តា​គណបក្សនយោ​បាយ នៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ជួបជុំគ្នាលើទឹក​ដី​កម្ពុជា ដើម្បីបើកកិច្ច​ពិភាក្សា ស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយ​ជម្លោះ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​មហា​សន្និ​បាត​របស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១​នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​នេះចំនួនពីរ​ដង​។

មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើង​ក្រោម​​ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមក​ពី១១​ប្រទេសចូលរួមផងដែរ៕