(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន បានដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។
សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នឹងជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជាប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយជម្លោះ។
ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេសបង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់នៃគណបក្សនយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង។
មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»។ មហាសន្និបាតនេះ មានគណៈប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្សនយោបាយចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមកពី១១ប្រទេសចូលរួមផងដែរ។
ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២។ ក្នុងពិធីបើកនេះ នឹងមានការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងពិធីនេះក៏មានការថ្លែងសុន្ទរកថាដោយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកនេះផងដែរ។
ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមមួយទៀតសម្រាប់កម្ពុជា។ ការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្តះរៀមបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាកម្ពុជាដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេសកម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយដែលមានសន្តិភាពផងមានស្ថិរភាពផង និងមានការអភិវឌ្ឍ។ កម្ពុជាក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គម ជាដើម។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺការជួយជំរុញការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយនានា។
ទាំងអស់នេះធ្វើឱ្យកម្ពុជា ទទួលបាននូវការផ្តល់គុណតម្លៃពីបណ្តាគណបក្ស ICAPP ជូនកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំកំពូលម្តងទៀតជាលើកទី២ ដែលសបញ្ជាក់ឱ្យឃើញពីអ្វីដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺទទួលស្គាល់ជាអន្តរជាតិពីបណ្តាគណបក្សនយោបាយលើសកលលោក។
លោក ប្រាក់ សុខុន ប្រធានគណៈកម្មការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ធ្លាប់បានលើកឡើងថា កម្ពុជារៀបចំធ្វើយ៉ាងណាឱ្យមហាសន្និបាត ICAPP ប្រព្រឹត្តទៅដោយរលូន ហើយស្របតាមមូលបទ «ដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ត្រង់ចំណុចនេះ លោក ប្រាក់ សុខុន បានលើកឡើងថា មានទិដ្ឋភាពពីរនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ទិដ្ឋភាពទី១ គឺពាក់ព័ន្ធទៅនឹងខ្លឹមសារ និងឯកសារនានា ហើយទិដ្ឋភាពទី២ គឺទាក់ទងទៅនឹងបដិសណ្ឋារកិច្ច ការស្នាក់នៅ និងសន្តិសុខ និងសុវត្ថិភាពរបស់ភ្ញៀវ។ ដូច្នេះ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាត្រូវធ្វើយ៉ាងណារៀបចំបរិស្ថានឱ្យបានល្អដើម្បីទទួលភ្ញៀវប្រកបដោយផាសុកភាព និងសុវត្ថិភាព ហើយកិច្ចប្រជុំដំណើរការទៅដោយរលូន។
លោក ប្រាក់ សុខុន បន្តថា តួនាទីរបស់កម្ពុជាគឺខិតខំធ្វើឱ្យកិច្ចពិភាក្សានៃកិច្ចប្រជុំវិលជុំវិញប្រធានបទ ដើម្បីផ្ដល់ផលប្រយោជន៍ទាំងនេះទៅដល់ពិភពលោកផងដែរ។ ដូច្នេះយើងត្រូវប្រឹង ត្រូវធ្វើឱ្យចេញពីបេះដូងរបស់យើងដើម្បីឱ្យភ្ញៀវដែលមកចូលរួមប្រជុំនេះគេមានប្រយោជន៍ខាងនយោបាយផង និងគេសប្បាយចិត្តដែលបានមកស្គាល់ប្រទេសកម្ពុជាផង។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «នេះហើយជាអ្វីដែលគេស្គាល់កម្ពុជា តាមរយៈការសម្រេចបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញរបស់កម្ពុជា អញ្ចឹងយើងមានលទ្ធភាពនៅក្នុងការដើរតួនាទីមួយ ប្រមូលបញ្ញាញាណ ប្រមូលគតិបណ្ឌិតរបស់គណបក្សនយោបាយនានានៅក្នុងតំបន់អាស៊ី ហើយក៏ជាមួយគណបក្សនយោបាយនានានៅទ្វីបផ្សេងទៀត មានមកពីអាមេរិកឡាទីន និងមកពីអឺរ៉ុប។ អញ្ចឹងបទពិសោធន៍កម្ពុជាគឺការស្វែងរកសន្តិភាពនេះតែម្ដង» ។
លោក បានបន្តថា «ទ្វីបអាស៊ីជាទ្វីបមួយធំបំផុតដែលមានប្រជាជនច្រើន ហើយជាទ្វីបដែលមានប្រទេសខុសៗគ្នាច្រើន ទាំងផ្នែកប្រជាសាស្ត្រ ទាំងផ្នែកផ្ទៃក្រឡា វប្បធម៌សាសនា ទំហំសេដ្ឋកិច្ច និងចំនួនប្រជាជន។ អញ្ចឹងវាមានភាពចាំបាច់ដើម្បីយល់គ្នាទោះជាសាសនាខុសគ្នា ទំហំសេដ្ឋកិច្ចខុសគ្នា ទំហំប្រទេសខុសគ្នា ប៉ុន្តែចាំបាច់ត្រូវមានការយល់គ្នា។ ការយល់គ្នានោះនៅក្នុងគោលដៅមួយជួយជំរុញវិបុលភាពនៅក្នុងតំបន់ ប៉ុន្តែវិបុលភាពនោះមិនអាចកើតឡើងដោយគ្មានសន្តិភាពបាននោះទេ លុះត្រាតែមានសន្តិភាពទើបមានការអភិវឌ្ឍ។ កម្ពុជាគាំទ្រដំណើរការអភិវឌ្ឍរបស់ប្រទេសនានា និងតំបន់ ក៏ដូចពិភពលោកទាំងមូល ហើយគាំទ្រនូវកិច្ចការប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងសហប្រតិបត្តិការនានានៅក្នុងការប្រឆាំងឧក្រិដ្ឋកម្មផ្សេងៗ ដែលជាឧត្តមគតិ ICAPP ហើយស្របទៅនឹងគោលនយោបាយរបស់ការបរទេសរបស់កម្ពុជាតែម្ដង អញ្ចឹងហើយបានជាកម្ពុជាអាចរួមចំណែកពេញលេញនៅក្នុងការងាររបស់ ICAPP»។
លោក ជុង អ៉ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល បានថ្លែងថា «គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជា ACC របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និងការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO»។
ក្នុងភាពជាម្ចាស់ផ្ទះ កម្ពុជាបានជ្រើសរើសមូលបទសម្រាប់មហាសន្និបាតគឺ «ដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សា» នេះមិនមែនជាការធ្វើឡើងដោយចៃដន្យទេគឺផ្អែកទៅលើកត្តាពីរជាធំ ទីមួយគឺផ្អែកទៅលើបទពិសោធន៍របស់កម្ពុជា និងមេរៀនរបស់កម្ពុជាដែលទទួលបានក្នុងការស្វែងរកសុខសន្តិភាព ការចរចាសម្រេចបានសន្តិភាព ការផ្សះផ្សាជាតិ ការឯកភាពទឹកដី និងប្រមូលផ្ដុំកិច្ចប្រឹងប្រែងជាតិទាំងមូលដើម្បីកសាងប្រទេសឡើងវិញដែលមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះជាការពិតជាក់ស្តែង។ ទីពីរ ផ្អែកទៅលើបំណងប្រាថ្នាជាអ្វីដែលប្រជាជននៅលើពិភពលោក និងនៅក្នុងតំបន់ និងក៏ជាតម្រូវការនៅក្នុងតំបន់ និងពិភពលោក គឺចង់បានសន្តិភាពខ្ពស់។ សន្តិភាពជាភាពចាំបាច់មួយសម្រាប់តំបន់ និងពិភពលោក ហើយនេះក៏អាចចាត់ទុកតួនាទីមួយនៅក្នុងការគិតគូរស្វែងរកពិភាក្សាបញ្ចុះបញ្ចូលប្រទេសនានាដែលកំពុងតែមានជម្លោះឱ្យវិលមកពិភាក្សាគ្នា ហើយស្វែងរកការបញ្ចប់សង្គ្រាមតាមមធ្យោបាយការទូត និងការចរចាគ្នា។ អ៊ីចឹងកម្ពុជាអាចមានតួនាទីនៅក្នុងកិច្ចការងារនេះ ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ក្នុងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងទិដ្ឋភាពពីរ ទី១ គឺទិដ្ឋភាពវប្បធម៌ដោយសារតែប្រាសាទអង្គរវត្តនិងទី២ គឺទិដ្ឋភាពសន្តិភាព ដែលប្រទេសតិចតួចណាស់នៅលើពិភពលោកសម្រេចបានសមិទ្ធផលក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិដូចកម្ពុជាដែលបានបញ្ចប់សង្គ្រាមរាំរ៉ៃដែលអូសបន្លាយមកជាង ៥០០ឆ្នាំ មកជាប្រទេសមួយមានសុខសន្តិភាពពេញលេញ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពទឹកដី៕