(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងបង្ហាញនូវមោទនភាព ដែលមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ដែលបានធ្វើឡើងរយៈពេល១២ដង ក្នុងនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ ២ដង ហើយសម្តេចសង្ឃឹមថា កម្ពុជានឹងមានឱកាសធ្វើលើកទី៣ និងទី៤ជាបន្តបន្ទាប់ទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលសម្តេចឡើងថ្លែងក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ដែលមហាសន្និបាតនេះ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពជាមួយនឹងកិច្ចការដែលបានធ្វើមហាសន្និបាតក្នុងរយៈពេល ១២ដង កម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះបាន ២ដង ដោយឡែកអាស៊ាន​ ខ្លួនខ្ញុំផ្ទាល់​បានធ្វើជាប្រធានអាស៊ានរហូត ៣ដង ចឹងទេវាមិនចំឡែកទេនៅក្នុងការចូលរួមចំណែកនៅក្នុងក្របខណ្ឌមហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) រយៈពេល ២ដងនេះ ហើយសង្ឃឹមថាលើកក្រោយនឹងអាចមានទី៣ និងទី៤ តទៅទៀត»

សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយសដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ប្រទេសជាសមាជិកគណបក្ស​នយោបាយនៅអាស៊ី ហៅថា (ICAPP) និងស្ថាប័នដៃគូជាង ៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់គណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០មក និងបានប្រែក្លាយខ្លួនទៅជាអង្គការ គណបក្សនយោបាយដ៏ធំបំផុតមួយ ទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចក៏មានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកក្នុងសកម្មភាពនានារបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា (ICAPP) រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចម្រុះគ្នាទាំងនិន្នាការនយោបាយ និងមនោគមវិទ្យា។

សម្ដេចតេជោ ហ៊ុន សែន បានប​ន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ សម្តេចយល់ឃើញថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជា មានបទពិសោធន៍យ៉ាងធំធេង និងជំនាញដែលអាចធ្វើការចែករំលែកដោយទាញចេញពីតថភាពពិត ដែលកម្ពុជា បានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងនាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាពក្នុងរយៈពេលជាង ៣ទស្សវត្សមកនេះផងដែរ៕