(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានគូសរំលេចថា ផលលាភនៃសន្ដិភាព ដែលកម្ពុជាទទួលបាន២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក៏បានលើកទឹកចិត្តដល់ប្រទេសជុំវិញ ពិភពលោក ដោះស្រាយជម្លោះតាមរយៈសន្តិភាព»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា​ «ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ ក្រើនរំលឹកឱ្យឃើញអំពីទំហំនៃអត្ថប្រយោជន៍ដែលយើងទទួលបាន តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ដោយមានផ្លែផ្កានៃសន្តិភាពបែបនេះ បានជំរុញឱ្យកម្ពុជាកាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឲ្យមានឆន្ទៈ ក្នុងការរួមចំណែកដល់ការដោះស្រាយជម្លោះដែលកំពុងបន្តកើតមានឡើង នៅជុំវិញពិភពលោក រាប់តាំងពី មីយ៉ាន់ម៉ា រហូតដល់អ៊ុយក្រែន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។

ប្រធានមហាសន្និបាត ICAPP លើកទី១២ បញ្ជាក់ថា អ្នកនយោបាយគ្រប់រូប គួរមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះសន្តិភាព ជាពិសេសសន្តិភាពមិនគួរជាអាទិភាពបន្ទាប់បន្សំ ទាបជាងការស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅមនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ។

សម្ដេចបន្តថា «នយោបាយប្រជានិយម ជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្តើមតំណែងនយោបាយឡើយ»

សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ប្រទេសនីមួយៗគួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬចុងក្រោយ ឈាន ដល់ការផ្លាស់ប្តូររបបដោយមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបង្ហាញថា, ក្នុងនាមជាជនរងគ្រោះនាពេលកន្លងមក ដោយសារឥរិយាបទនយោបាយ និងទំនាក់ទំនងអន្តរជាតិ ពិសពុលបែបនេះ គណបក្សប្រជាជនកម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារ សន្តិភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ៕