(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារសន្តិភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ ហើយប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី បានបន្ដថា ដើម្បីរក្សាសន្តិភាព និងបណ្តុះបរិយាកាសនៃការផ្សះផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញឱ្យមានការយល់ដឹងរួម មានសារៈសំខាន់ជាងពេលណាៗទាំងអស់ លើបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងរផ្សះផ្សាពោលគឺ៖
*ទី១៖ ការប្ដេជ្ញាចិត្តរបស់យើងចំពោះគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែក,អធិបតេយ្យភាព, សមភាព និងការគោរពគ្នាទៅវិញទៅមក។
*ទី២៖ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនាអន្តរជំនឿ ដើម្បីលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយចងចាំក្នុងចិត្តថា ការជឿទុកចិត្តផ្នែកនយោបាយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព, ការផ្សះផ្សា និង កិច្ចសហប្រតិបត្តិការ។
*ទី៣៖ ការតភ្ជាប់ទំនាក់ទំនងអន្តរជំនាន់ និងការកាត់បន្ថយការបែងចែកមនោគមវិជ្ជា តាមរយៈការសន្ទនា និងការគោរព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ខ្ញុំមិនអាចបញ្ជាក់ឱ្យអស់សេចក្ដីទេថា ការទទួលបានសន្តិភាព ទាមទារឱ្យមានការផ្សះផ្សាភាពខុសគ្នា។ សន្តិភាពអាចសម្រេចបានតែ តាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា, ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ ពិតណាស់ថា ការពង្រឹងការការពារជាតិ គឺជាសិទ្ធិ និងធិបតេយ្យភាពរបស់យើង ប៉ុន្តែកិច្ចការនេះ មិនគួរធ្វើឱ្យបាត់តម្លៃនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេ»។
សម្តេចមហាបវរធិបតីបានបន្ដថា «ដើម្បីរក្សាសន្តិភាពដែលយើងកំពុងទទួលអំណរសាទរ ឱ្យមានចីរភាព, ទាមទារឱ្យមានការថែទាំសន្តិភាពជារៀងរាល់ថ្ងៃ ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសង្កត់ធ្ងន់ថា ការផ្សះផ្សាជាមួយគូសត្រូវ, ដូចអ្វីដែលសម្ដេចតេជោ បានបង្ហាញតាមសក្ខីភាពជាក់ស្ដែង, គឺជាកម្លាំង មិនមែនជាចំណុចខ្សោយនោះទេ។ ការផ្សះផ្សា មិនមែនសម្រាប់អ្នកចុះចាញ់ឡើយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ញាញាណ
នៅក្នុងការមើលឃើញដំណោះស្រាយឈ្នះ-ឈ្នះពីក្នុងសង្គ្រាម»៕