(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងសង្កត់ធ្ងន់ថា យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព។ សម្តេចតេជោ បានបន្តថា ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ តាមរយៈសុន្ទរកថាពិសេសនៅក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី ហៅថា ICAPP ដែលមានបណ្តាគណបក្សនយោបាយ នៅអាស៊ីជិត៦០ មកពីជាង ៤០ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយពីការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល នៅក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា។ នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ ខ្ញុំមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេ ប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់ លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គមសេដ្ឋកិច្ច ក៏ដូចជា ការចូលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នៅក្នុងចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាពប្រកបដោយនិរន្តរភាព»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភាពប្រកបដោយនិរន្តរភាព។ ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួនទេ កម្ពុជាអាចនឹងអន្តរាយវិញ ដោយសារការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា ការស្វែងរកយុត្តិធម៌ប្រញាប់ប្រញាល ដោយមិនគិតពីសន្តិភាព មិនមែនជាជម្រើសរបស់សម្តេចនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា ការប្រើយុទ្ធសាស្ត្រ DIFID មិនមែនជារឿងហួសហេតុនោះឡើយ ដើម្បីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅបណ្តាប្រទេសដែលអះអាងថាជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ៕