(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ ហេង គឹមហុង ត្រូវបានចោរលួចម៉ូតូទៅបាត់ក្នុងពេលរូបគេ អញ្ជើញចូលរួមពិធីទទួលសញ្ញាបត្រនៅកោះពេជ្រកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបជាមួយនិស្សិត ហេង គឹមហុង និងក្រុមគ្រួសារ សួរនាំទៅលើបញ្ហានោះបន្ទាប់ពីសួរនាំ ឧបនាយករដ្ឋមន្ត្រី ស សុខា បានឧបត្ថម្ភម៉ូតូមួយគ្រឿងជូន ហេង គឹមហុង ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើរ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រនៅកោះពេជ្រកាលពីម្សិលមិញ បន្ទាប់ពីថ្នាក់ដឹកនាំអញ្ជើញចេញពីទីតាំងប្រារព្ធពិធី ឆ្លៀតពេលក្រុមគ្រួសារនិស្សិតកំពុងថតរូបអនុស្សាវរីយ៍ជុំគ្នានោះ ជនខិលខូចបានបន្លំខ្លួនលួចទូរស័ព្ទដៃ និងម៉ូតូរបស់និស្សិត ក៏ដូចជាសាច់ញាតិ៕