(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក ដូច្នេះសូមអ្នកប្រកបវិជ្ជាជីវៈទាំងអស់ បន្ដពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ប្រកបដោយនិយាមក្រមសីលធម៌វិជ្ជាជីវៈ។

ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី»

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានបន្ថែមថា «យើងមិនអាចបញ្ឈប់ការខិតខំប្រឹងប្រែង បង្កើនសមត្ថភាពរបស់យើងបានទេ យើងត្រូវតែបន្ដធ្វើឱ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះអត្រាមរណភាពមាតា នៅកម្ពុជា នៅតែខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាបន្ថែមទៀត កម្ពុជាត្រូវតែពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ដ្រាចារ្យផ្នែកសម្ភព និងរោគស្ដ្រីវិទ្យាទាំងអស់នេះហើយ ព្រោះករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនមានជាឧបសគ្គទៀតទេ តែការដោះស្រាយករណីសម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅឡើយ»

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានលើកឡើងថា ដូច្នេះទិវាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ នឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹងជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ លោកសង្ឃឹមថាសមាគមនឹងរៀបចំឱ្យមានទិវាសន្និបាតនេះយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជនផងដែរ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ដល់អង្គពិធីនាពេលនេះ រួមមាន៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៤)ការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។

បន្ថែមពីនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារគន្លឹះទៅកាន់សមាជិក សមាជិកា និងអង្គពិធីទាំងមូល៖
* សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និងត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។
* អ្នកផ្តល់សេវាទាំងអស់ ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវមានបញ្ជិកាឱ្យបានត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និងឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។
* លើកទឹកចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បីស្វែងយល់ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។
* នៅតាមគ្លីនិក/សេវាឯកជន ដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មានកញ្ចប់សេវាសង្គ្រោះបន្ទាន់ ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕