(ភ្នំពេញ)៖ កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ានរយៈពេល៥យប់និង៦ថ្ងៃ លើទឹកដីនៃខេត្តក្វាងស៊ី របស់ប្រទេសចិន បានបង្ហាញនូវភាពប្លែកៗនៃមរតកវប្បធម៌រូបី និងអរូបីនៃប្រជាជាតិរៀងៗខ្លួន។ តើកម្ពុជាបានបង្ហាញអ្វីខ្លះ ប្រាប់ប្រទេសក្នុងតំបន់នាពេលនោះ? Fresh Exclusive មានអត្ថបទអង្កេតមួយដូចតទៅនេះ...
ប្រមាណជាងទសវត្សមុននេះ ក្នុងពេលដែលកម្ពុជាមានសង្គ្រាមស៊ីវិល ប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍មួយនេះ ត្រូវគេស្គាល់ជាទូទៅថាជាប្រទេសដែលរងភាពខ្ទេចខ្ទាំដោយសារតែអំពើវាយប្រហារគ្នា។ កម្ពុជាក្នុងអតីតកាលស្ថិតក្នុងសភាពឱនថយលើគ្រប់វិស័យ។ នៅលើពិភពលោកគ្រានោះមានប្រទេសមួយចំនួនស្គាល់កម្ពុជាថាជាប្រទេសរងការសម្លាប់រង្គាលនូវមនុស្សច្រើនលាននាក់ ដោយក្រុមខ្មែរក្រហមតែប៉ុណ្ណោះ។ សង្គ្រាមមិនត្រឹមតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសខ្ទេចខ្ទីប៉ុណ្ណោះទេ សូម្បីតែមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ ស្ទើរតែត្រូវបានគេបំភ្លេចចោលទៀត។
កម្ពុជាក្នុងអតីតកាលនោះគ្មានអ្វីដែលគេស្គាល់ថាជាប្រទេស ដែលធ្វើឱ្យពិភពលោកបានចងចាំដែរ ប៉ុន្តែ២៦ឆ្នាំក្រោយប្រទេសមានសន្តិភាពពិតប្រាកដក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាអាចមានសមិទ្ធផលខ្លះ ដែលពេលនេះត្រូវបាន និងកំពុងបង្ហាញប្រាប់ពិភពលោកវិញ ហើយក្នុងនោះ រួមមានមរតកវប្បធម៌រូបបី និងអរូបី ដែលធ្វើឱ្យរូបភាពកម្ពុជានៅក្រៅប្រទេសទទួលបានភាពស្ញប់ស្ញែងនៅក្នុងតំបន់និងពិភពលោកសាឡើងវិញ។
«កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» រយៈពេល៥យប់៦ថ្ងៃ នៅក្នុងខេត្តក្វាងស៊ី នៃប្រទេសចិន ប្រមូលផ្តុំដោយក្រុម Think Tank ក្រុមស្រាវជ្រាវ ក្រុមជំនាញ និងក្រុមយុវជនមកពីបណ្តាប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី នៃប្រទេសក្នុងប្លុកអាស៊ាន និងពីប្រទេសចិន បានជួបជុំពិភាក្សាគ្នា និងពួកគេបានបង្ហាញប្រាប់គ្នាទៅវិញទៅមក នូវភាពវិសេសវិសាលនៃវិស័យវប្បធម៌រៀងៗខ្លួន រួមទាំងមរតកវប្បធម៌រូបី និងអរូបី និងការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីភាពទ្រទ្រង់ និងថែរក្សាមរតកវប្បធម៌បុរាណទាំងនោះ ឱ្យមានភាពកាន់តែរស់រវើកក្នុងសម័យជឿនលឿនបច្ចេកវិទ្យានៃសតវត្សទី២១។
«កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» ក្រោមប្រធានបទ «ពីការធ្វើឱ្យរស់ឡើងវិញក្លាយជាមានសក្តានុពលភាព» ដោយនាយកដ្ឋានសាធារណៈនៃតំបន់ស្វយ័ត CPC Guangxi Zhuan, ក្រុមទំនាក់ទំនងអន្តរជាតិចិន CICG និងរៀបចំដោយអង្គភាពអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិ CICG នៃអង្គភាពការផ្សាយ និងព័ត៌មានខេត្ត Guangxi បានរៀបចំធ្វើនៅក្នុងទីក្រុងណាននីង និងការធ្វើទស្សនកិច្ចនិងកិច្ចពិភាក្សាដោយផ្ទាល់នៅ តាមតំបន់សហគមន៍ជនជាតិផ្សេងៗ ដែលមានចំណាស់រយពាន់ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ប្រទេសចិន។
កញ្ញា Daizy Zhang មន្ត្រីគម្រោងសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិនៃប្រទេសចិន CICG បានថ្លែងចាប់អារម្មណ៍ថា«កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» គឺជាវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងចិន-អាស៊ាន ក្នុងគោលបំណងថែរក្សាទំនាក់ទំនងនិងលើកតម្កើងវប្បធម៌ និងការយល់ដឹងរវាងគ្នានិងគ្នាទៅវិញទៅមក។
កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌អាស៊ាន-ចិន បានប្រព្រឹត្តទៅរវាងពីថ្ងៃទី១៦ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុង Nanning និង Chongzuo ខេត្ត Guangxi នៃសាធារណរដ្ឋប្រជាមានិតចិន ដោយក្រុមយុវជនដែលមានសមត្ថភាពពូកែៗ ក្នុងក្រុម Think Tank, ក្រុមស្រាវជ្រាវវប្បធម៌ និងបណ្តាក្រុមជំនាញ បានលាតត្រដាងនូវគន្លឹះសំខាន់ៗប្រាប់គ្នាទៅវិញទៅមកនូវរបៀបរបបកិច្ចការរបស់ពួកគេទាំងឡាយ ក្នុងវិធីថែរក្សានិងជំរុញកិច្ចការអភិរក្សមរតកវប្បធម៌ដ៏ល្បីល្បាញរបស់ប្រទេសនីមួយ និងតើការអភិរក្សវប្បធម៌បុរាណទាំងឡាយនោះ បានជួយជាប្រយោជន៍អ្វីខ្លះសម្រាប់ប្រជាជាតិរបស់ពួកគេក៏ដូចជាប្រយោជន៍សម្រាប់តំបន់និងសកលលោក និងក៏មានកិច្ចពិភាក្សាដេញដោលភ្លាមៗជុំវិញចម្ងល់ទាំងឡាយណាដែល គេចង់ដកស្រង់បទពិសោធន៍ថ្មីដើម្បីការក្រេបជញ្ជក់ ជាពិសេសតើដើម្បីឱ្យមានភាពសុខដុមរមនារវាងការអភិរក្សមរតកវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ដើរទៅមុខ តើគេគប្បីមានទិសដៅអ្វីខ្លះសម្រាប់បច្ចុប្បន្ន និងអនាគត។
ប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សោម សុផារ័ត្ន ស្ថាបត្យករនៃអគ្គ នាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានថ្លែងថា «កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន ដែលប្រមូល ផ្តុំដោយក្រុមបញ្ញវ័ន្តវ័យក្មេងអាស៊ាននិងចិន ពិតជាបានផ្តល់ប្រយោជន៍និងសារៈសំខាន់ជាច្រើនណាស់»។
*តើកម្ពុជា បានបង្ហាញអ្វីប្រាប់អ្នកចូលរួមក្នុងកិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន?
ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាដែលបានក្លាយជាមរតកពិភពលោកចាប់តាំងពីឆ្នាំ១៩៩២ ត្រូវបានលើកយកមកបង្ហាញក្នុង «កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» ក្រោមការធ្វើអត្ថាធិប្បាយរបស់ស្ថាបត្យករលោក សោម សុផារ័ត្ន ជាមួយនឹងការបញ្ចាំង Slide ដែលរៀបរាប់នូវប្រវត្តិជាប់ពាក់ព័ន្ធការអភិរក្សថែរក្សាប្រាសាទបុរាណខ្មែរ, កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងបណ្តាប្រទេសជាដៃគូ និងបណ្តាអង្គភាពផ្សេងៗ ដើម្បីការការពារនិងអភិរក្សអង្គរក្នុងសម័យសន្តិភាពដឹកនាំដោយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។
ការរៀបរាប់ជុំវិញការធ្វើឱ្យរស់ឡើងវិញនូវប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាក្រោយរងភាពខ្ទេចខ្ទាំដោយសាររបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតបានក្លាយជាសម្បត្តិបេតិភណ្ឌពិភពលោក និងការបន្តទ្រទ្រង់អភិរក្ស ដើម្បីមរតកវប្បធម៌ខ្មែរសម្រាប់កូនចៅជំនាន់ក្រោយទៀតនេះបានធ្វើឱ្យក្រុមអ្នកចូលរួម «កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» មានការចាប់អារម្មណ៍ជាខ្លាំង។ ក្រោយបទឧទ្ទិសនាមរួចស្ថាបត្យករលោក សោម សុផារ័ត្ន ត្រូវបានក្រុមសារព័ត៌មានចិនបន្តកិច្ចសម្ភាសន៍ផ្តាច់មុខ និងកិច្ចសម្ភាសន៍នោះត្រូវបានចាក់ផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងខេត្តនិងក្នុងសាធារណរដ្ឋប្រជាមានិតចិនទាំងមូល។
ការធ្វើអត្ថាធិប្បាយនៃវាគ្មិនមកពីអាជ្ញាធរជាតិអប្សរា នៅបានផ្តោតលើការអភិរក្សប្រាសាទបុរាណដទៃនៅក្នុងខេត្តសៀមរាប និងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ នឹងបណ្តាប្រទេសនិងអង្គភាពដទៃ ក្នុងនោះរួមមានប្រាសាទបុរាណចំនួន៥ ដែលប្រទេសចិនបាននិងកំពុងជួយកម្ពុជា។
ប្រទេសក្នុងអាស៊ាននិងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការ វប្បធម៌រវាងគ្នាទៅវិញទៅមកចាប់តាំងពីឆ្នាំ២០០៥។ គោលបំណងនៃកិច្ចព្រមព្រៀង គឺលើកកម្ពស់កិច្ច សហប្រតិបត្តិការតាមរយៈកិច្ចសហការសិល្បៈ ការស្រាវជ្រាវរួមគ្នា និងការផ្លាស់ប្តូរព័ត៌មាននិងប្រជាជន។ កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌អាស៊ាន-ចិន ដែលបានប្រព្រឹត្តមកនេះគឺស្ថិតក្នុងឆ្នាំនៃការផ្លាស់ប្តូរព័ត៌មាន និងប្រជាជនរវាងអាស៊ាន-ចិន។
កញ្ញា Christime Susanna T JHin នាយកទំនាក់ទំនងផ្នែកស្រាវជ្រាវនិងយុទ្ធសាស្ត្រនៃវិទ្យាស្ថាន Gentala របស់ប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា ដំណើរទស្សនកិច្ចចូលរួមក្នុងកិច្ចសន្ទនានេះ បានផ្តល់នូវប្រយោជន៍សំខាន់ជាច្រើនករណី។ ទី១ គេអាចបង្កើនមិត្តភាពកាន់តែច្រើនជាមួយមិត្ត ភក្តិបរទេសមកពីកម្ពុជា, ឡាវ, វៀតណាម, មីយ៉ាន់ម៉ា ថៃ និងមិត្តជាច្រើនទៀតនៅក្នុងប្រទេសចិន។
កញ្ញា Christime Susanna បានថ្លែងថាព្រឹត្តិការណ៍នៃកិច្ចសន្ទនា គឺជាវេទិកាដ៏ល្អក្នុងការផ្លាស់រឿងរ៉ាវ ទស្សនៈនានាលទ្ធភាពស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការសម្រាប់អនាគត, ទី២ ឱកាសនៃការរៀនសូត្រ និងស្វែងយល់ដឹងកាន់តែច្រើនទៀតអំពីការអភិរក្សមរតកវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ ជាពិសេសការស្វែងយល់កាន់តែច្បាស់នូវភាពជឿនលឿនរបស់ប្រទេសចិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបៃតង»។
លោក Roth Chanmengla នៃផ្ទះយុវជន Youth House របស់ប្រទេសកម្ពុជា គឺជាវាគ្មិនដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ ក្នុងការធ្វើកិច្ចសន្ទនាតុមូល ក្នុងពិធីថ្ងៃចាប់ផ្តើមទី១៦ វិច្ឆិកា ឆ្នាំ២០២៤។ វាគ្មិនបរទេសដទៃ ទៀតដែលធ្វើកិច្ចពិភាក្សាដេញដោលក្នុងតុមូលជាមួយនឹងវាគ្មិនកម្ពុជានេះ រួមមានមកយុវជនឆ្នើមៗមកពីប្រទេសចិន, ប្រទេសឥណ្ឌូណេស៊ី, ប្រទេសឡាវ, ប្រទេសថៃ វៀតណាម ជាមួយនឹងការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
យុវជនRoth Chanmengla បានថ្លែងថា ក្នុងកម្មវិធីរៀបចំកិច្ចសន្ទនារវាងអាស៊ាននិងចិន នេះលោក«បានមើលឃើញនូវការអភិវឌ្ឍន៍បច្ចេកវិទ្យាជឿនលឿននៅប្រទេសចិន ទាំងវិស័យឧស្សាហកម្ម កសិកម្ម ជាពិសេសវប្បធម៌ដ៏យូរអង្វែងរបស់ចិន ដែលការថែរក្សានេះបានធ្វើយ៉ាងល្អ តាមរយៈការបង្កើតមិត្តភាពជាមួយប្រទេសនៅអាស៊ាន ដែលវប្បធម៌របស់ពួកគេមានភាពស្រដៀងគ្នា នៅក្នុងពេលដែលពួកគេបានលាតត្រដាងនៅក្នុងកម្មវិធីប្រាប់គ្នាទៅវិញទៅមក។ លោកបានថ្លែងចាប់អារម្មណ៍ថា អ្វីដែលស្អាតរបស់វប្បធម៌ គឺការបង្កើនមិត្ត និងសន្តិភាព»។
វេទិកានៃ«កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» នៅបានផ្តល់ជាបទពិសោធន៍និងលទ្ធផលជាក់ ស្តែងតាមរយៈការអនុវត្តក្នុងសហគមន៍ជនជាតិផ្សេងៗក្នុងទឹកដីនៃខេត្តក្វាងស៊ី ដែលជាខេត្តបង្កប់នូវប្រវត្តិច្រើនរយពាន់ឆ្នាំ ដែលខ្លះអាចត្រូវបានបកស្រាយនិងខ្លះស្ថិតក្នុងសភាពអាថ៌កំបាំងដែលមិនទាន់ មានវិទូណាអាចស្វែងយល់ពីអាថ៌កំបាំងនោះបានឡើយ។
ក្រុម Think Tank ក្រុមស្រាវជ្រាវ ក្រុមជំនាញ និងក្រុមយុវជនអាស៊ាននិងចិន បានធ្វើទស្សនកិច្ច ស្រាវជ្រាវសារមន្ទីរនរវិទ្យា Anthropology Museum របស់ខេត្តក្វាងស៊ី ដើម្បីស្វែងយល់ពីសហគមន៍ Zhuang និងកិច្ចការរបស់ពួកគេក្នុងសម័យបុរាណ, សម័យវប្បធម៌ស្គរសំរិទ្ធ, សម័យនៃសំលៀកបំពាក់ឆើតឆាយ និងកិច្ចការជាច្រើនទៀតដែលមានប្រវត្តិពាក់ព័ន្ធច្រើនរយនិងពាន់ឆ្នាំនៃប្រវត្តិ សាស្ត្ររបស់ប្រទេសចិន។
ដំណើរដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ក្នុងចំណោមគោលដៅផ្សេងៗ គឺដំណើរតាមទូកម៉ាស៊ីនដ៏ធំមួយ ក្នុងពេលទស្សនកិច្ចតំបន់ភ្នំហួសាន Huashan Rock Art Area ដែលជាតំបន់ប្រវត្តិសាស្ត្រលាតសន្ធឹងតាមដងស្ទឹងមួយ ជាមួយនឹងអាថ៌កំបាំងនៃអក្សរនិងរូបគំនូរដូចជាសម្លាក់ជីវចលពណ៌ក្រហមនៅលើ ជញ្ជាំងដែលមានប្រវត្តិពាន់ឆ្នាំមកហើយ។
តំបន់ភ្នំហួសាន Huashan Rock Art Area ត្រូវបានរំលេចជារួបនិងអក្សរសរសេរនៅលើជ្រលងជ្រោះចោតដ៏ជ្រៅមួយនាភាគខាងលិចទន្លេ Ming River ក្នុងទំហំប្រមាណ៦៦២១ហិកតា។ តំបន់Huashan Rock Art គឺជាតំបន់ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចគ្នានឹងប្រាសាទអង្គវត្តនៃប្រទេសកម្ពុជាផងដែរ។
វាគ្មិននៃក្រុម Think Tank មកពីប្រទេសកម្ពុជា លោក ទេព វ៉ាន់ថា បានថ្លែងបញ្ជាក់ការចាប់អារម្មណ៍របស់លោកក្នុងពេលចុះពីលើទូក ដើរទស្សនាលើផ្ទាំងថ្មតាមជញ្ជាំងភ្នំ Huashan ដែលធ្វើអត្ថាធិប្បាយរៀបរាប់ដោយស្ត្រីចិនក្នុងសម្លៀកបំពាក់ជនជាតិម្នាក់ តាមរយៈការបកប្រែជាភាសាអង់គ្លេស ក្រោមអាកាសធាតុមិនក្តៅ និងមិនត្រជាក់ដែលជួនកាលក៏មានគ្រាប់ភ្លៀងតូចៗ ធ្លាក់ក្នុងពេលនោះថែមទៀត។
លោក ទេព វ៉ាន់ថា ដែលជាអនុប្រធានវិទ្យាស្ថានសិក្សាអំពីចិននៃរាជបណ្ឌិតសភាកម្ពុជា បានផ្តល់ចំណាប់អារម្មណ៍ក្នុងពេលនោះថា «ក្នុងជំនួបជាមួយមិត្តភក្តិក្នុងតំបន់ និងម្ចាស់កម្មវិធីនៃប្រទេសចិន មានបំណងនិងការចង់បានផ្សេងៗគ្នា»។ លោកបានថ្លែងបន្តថា «ទាំងកម្ពុជានិងទាំងបណ្តាប្រទេសក្នុងតំបន់ គឺអាចនឹងទទួលបានលទ្ធផលខុសៗគ្នា តាមរយៈការយល់ឃើញការគិតនិងទៅតាមស្ថានភាពប្រទេស ពិសេសគឺទៅតាមអ្វីដែលខ្លួនមាននិងអាចធ្វើទៅបាន»។
ក្នុងការធ្វើទស្សនកិច្ចនាតំបន់ភ្នំហួសាននោះ កិច្ចពិភាក្សាតុមូលមួយ បានធ្វើភ្លាមៗនៅក្នុងតំបន់ជាប្រវត្តិសាស្ត្រទីនោះក្រោមមូលបទ ការស្វែងរកភាពសុខដុមរវាងការអភិរក្សមរតកវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍។
អនុប្រធានវិទ្យាស្ថានសិក្សាអំពីចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក ទេព វ៉ាន់ថា ដែលជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនទាំងឡាយពេលនោះបានលើកឡើងនូវទស្សនៈ៩ចំណុចពាក់ព័ន្ធនឹងប្រធានបទដែលតម្រូវឱ្យមានការបកស្រាយពន្យលដល់អ្នកចូលរួមក្នុងពេលនោះ។
ចំណុចទាំង៩រួមមាន ទី១ ការអប់រំនិងការយល់ដឹងវប្បធម៌, ទី២ បង្កើតព្រឹត្តិការណ៍ឬរៀបចំឱ្យមានពិធីឬបុណ្យក្នុងសហគមន៍, ទី៣ ប្រណិបតន៍វិធីសាសនានិងជំនឿ, ទី៤ កម្មវិធីផ្លាស់ប្តូរវប្បធម៌, ទី៥ បង្កើតការស្រាវជ្រាវ និងឯកសារចងក្រងទុក, ទី៦ ការចូលរួមពីប្រព័ន្ធសារព័ត៌មាន, ទី៧ រៀបចំឱ្យមានការចូលរួមពីក្រុមយុវជន, ទី៨ ការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងពីរដ្ឋាភិបាល និងទី៩ មរតកនៃរបៀបធ្វើអាហារ ដែលជាការទាក់ទាញសំខាន់មួយក្នុងពេលបុណ្យទានម្តងៗ ដែលអ្នកមកទស្សនាកាន់តែជក់អារម្មណ៍បើសិនជាប្រទះនូវអាហារឆ្ងាញ់និងប្លែកៗ។
លោកទេព វ៉ាន់ថា ក្នុងឱកាសនោះនៅបានរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជាតាំងពីសម័យចេនឡា ជាពិសេសផ្អែកតាមកំណត់ហេតុរបស់ប្រវត្តិវិទូចិនជីវ តាក្វាន់ តាំងពីសម័យបុរាណនោះមក។
វាគ្មិនបរទេសជាច្រើនទៀតមកពីប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងវៀតណាមជាដើម បានបង្ហាញនូវការចាប់អារម្មណ៍របស់ពួកគេរៀងៗខ្លួនជាពិសេសការងារអភិរក្សមរតកវប្បធម៌រូបី និងអរូបី និងពួកគេបានចូលរួមផ្តល់ទស្សនៈ និងការយល់ឃើញផ្សេងៗ ដែលចំណុចទស្សនៈប្លែកៗទាំងឡាយនោះ បានធ្វើឱ្យ«កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» រយៈពេល៥យប់៦ថ្ងៃនៅក្នុងខេត្តក្វាងស៊ីនៃប្រទេសចិន កាន់តែផ្តល់នូវបទពិសោធន៍ស៊ីជម្រៅ សម្រាប់ដល់អ្នកស្រាវជ្រាវនានា និងបានផ្តល់ជាភាពស្អិតល្មួតនៃទំនាក់ទំនងវប្បធម៌របស់ប្រទេសអាស៊ាននិងចិន ដែលគេនឹងមិនអាចបំភ្លេចបានឡើយ។
*កិច្ចសន្ទនានិងកិច្ចពិភាក្សាអំពីមរតកវប្បធម៌ចិន-អាស៊ានបញ្ចប់ដោយជោគជ័យ
កញ្ញា Wanda នៃមជ្ឈមណ្ឌលចិនសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិ CCICD បានថ្លែងក្នុងពេលចប់កម្មវិធីថា «កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន» រយៈពេល៤យប់៥ថ្ងៃនៅក្នុងខេត្តក្វាងស៊ី បានប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះដោយក្រុម Think Tank ក្រុមស្រាវជ្រាវ ក្រុមជំនាញ និងក្រុមយុវជនមកពីបណ្តាប្រទេសអាស៊ាននិងចិន ចូលរួមទាំងអស់បានស្វែងយល់ដឹងជាច្រើនអំពីវប្បធម៌ នៃប្រជាជាតិនីមួយៗ និងរំពឹងថាពួកគេនឹងជួបគ្នាសាជាថ្មីក្នុងពេលណាមួយថែមទៀតនាអនាគត។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សោម សុផារ័ត្ន ស្ថាបត្យករនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានថ្លែងផ្តល់ចំណាប់អារម្មណ៍ចុងក្រោយថា «កិច្ចសន្ទនាបេ តិកភណ្ឌវប្បធម៌ចិន អាស៊ាន បានផ្តល់នូវសារៈប្រយោជន៍សំខាន់ៗជាច្រើនរួមមាន៖
«ជំរុញការស្វែងយល់អំពីមរតកបេតិកភណ្ឌវប្បធម៌គ្នាទៅវិញទៅមក, ជំរុញឱ្យមានការស្វែងយល់ពីគ្នាទៅវិញទៅមក និងផ្លាស់ប្តូរបទពិសោធន៍នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចិរភាពនូវមរតកបេតិកភណ្ឌវប្បធម៌រវាងចិន-អាស៊ាន, ជំរុញការយល់ដឹងអំពីការប្រកាន់ជាប់ប្រពៃណី ទំនៀមទំលាប់ ការរស់នៅ ការប្រកបមុខរបររបស់ប្រជាជនដែលទាក់ទងទៅវិញទៅមក វប្បធម៌ដ៏យូរលង់នៃជាតិសាសន៍នីមួយៗ, ស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រងនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាពលើវិស័យទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតរវាងចិន-អាស៊ាន, ប្រជាជនចិន-អាស៊ាន និងជាពិសេសគឺបេតិកភណ្ឌវប្បធម៌អាស៊ាន»។
កម្ពុជា ទើបតែក្នុងជំនាន់សន្តិភាពពិតប្រាកដក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ២៦ឆ្នាំរួចមកនេះទេ ទើបវិស័យនានាទាំងឡាយរួមទាំងវិស័យវប្បធម៌ផងដែរ ដែលបច្ចុប្បន្ន បាននិងកំពុងរះឡើងយ៉ាងត្រដែតនៅលើឆាកអន្តរជាតិ។
ជាមួយនឹងនយោបាយឈ្នះឈ្នះ និងភាពដឹកនាំរបស់អគ្គមគ្គុទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសទេសអស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដនិងទាំងស្រុងសាឡើងវិញ ជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តទៅអនាគតគេរំពឹងថា កម្ពុជានឹងកាន់តែមានសន្ទុះរីកចម្រើនទៅមុខ និងគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ គង់នឹងបានសម្រេចជាមិនខានឡើយ៕