(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការឯកភាពគ្នានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះត្រូវបានធ្វើឡើងនៅសាលសវនាការ លោកសន្តិបណ្ឌិត អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានស្វាគមន៍ចំពោះវត្តមាន លោកអនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងកែលម្អឲ្យកាន់តែប្រសើរនូវចំណុចដែលសេសសល់។

ក្នុងនាមគណៈប្រតិភូនគរបាលវៀតណាម លោកអនុរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ និងបានចែករំលែកសភាពការណ៍ និងការសហការគ្នាល្អ។ លោកបន្ដថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់មក ហើយក្រសួងនគរបាលវៀតណាម បានពង្រីកទំនាក់ទំនងជាមួយកម្ពុជា ពិសេសវិស័យសន្តិសុខ។

លោកអនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានកោតសរសើរចំពោះលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យនគរបាល ហើយឥឡូវក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកគូសបញ្ជាក់ថា កន្លងមកកម្ពុជា-វៀតណាម បានសហការចែករំលែកព័ត៌មានគ្នា លើការទប់ស្កាត់បទល្មើស និងព័ត៌មានក្លែងក្លាយ និងការងារក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបម្រើជូនប្រជាជនទាំងពីរ។

ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអះអាងថា ក្នុងនាមជាប្រទេសជិតខាង ត្រូវតែបន្ដពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលត្រូវជួយគ្នាទៅវិញទៅមក សំដៅធានាដល់ការរក្សាមិត្តភាពយូរអង្វែង។ ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ហើយកម្លាំងមានសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវរួមគ្នាប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ៕