(ភ្នំពេញ)៖ លោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (ប៉ាគីស្ថាន) និងជាអ្នករាយការណ៍ពិសេស និងលោកស្រីបណ្ឌិត Nalinee Taveesin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (ថៃ) បានដឹកនាំសម័យប្រជុំពេញអង្គវគ្គ២ មហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»

សម័យប្រជុំពេញអង្គវគ្គ២ មហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី មានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអ្នករាយការណ៍ និងមានលោកបណ្ឌិត ណី​ សំអុល សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជាលេខាធិការ។

សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស បានជួបជុំគ្នាលើទឹក​ដី​កម្ពុជា ដើម្បីបើកកិច្ច​ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរឹតទៅដោយ​ជម្លោះ។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ី តែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​មហា​សន្និ​បាត​របស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១​ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​នេះចំនួនពីរ​ដង​។

មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើង​ក្រោម​​ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមក​ពី១១​ប្រទេសចូលរួមផងដែរ។

ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២។ ក្នុងពិធីបើកនេះ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងពិធីនេះក៏មានការថ្លែងសុន្ទរកថាដោយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស​នយោបាយ​នៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកនេះផងដែរ។ ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តម​មួយ​ទៀត​​សម្រាប់កម្ពុជា។ ការផ្តល់​សេចក្តីទុកចិត្ត​ពី ICAPP ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើជាម្ចាស់ផ្តះរៀមបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យ​ឃើញថា ​បណ្តា​គណបក្សនយោបាយ​ទាំងអស់ ​បាន​សម្លឹងមើល​តួនាទី​សំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ក៏ដូចជា​កម្ពុជា​ដែល​បាន​រក្សា​នូវ​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ផ្អែកលើ​វិធាន​ច្បាប់ និង​វិន័យ​របស់ខ្លួន ពិសេស​កម្ពុជា​បានរួម​ចំណែក​ក្នុង​ការងារ​នានា​របស់ ICAPP ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់ខ្លួន​សំដៅ​ឆ្ពោះទៅរក​ការកសាង​ពិភពលោក​មួយ​ដែលមាន​សន្តិភាព​ផង​មាន​ស្ថិរភាព​ផង ​និង​មានការ​អភិវឌ្ឍ​។ កម្ពុជា​ក៏​ចូលរួមចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង​សេដ្ឋកិច្ចសង្គម ​ជាដើម។ ​កម្ពុជា​ក៏បាន​ជួយ​ជំរុញ​ឧ​ត្ត​ម​គតិ​ដ៏​សំខាន់បំផុត​របស់ ICAPP គឺ​ការជួយ​ជំរុញ​ការយោគយល់​គ្នាទៅវិញទៅមក​រវាង​គ​ណ​បក្សនយោ​បាយ​​នានា​។​

​ទាំងអស់នេះ​ធ្វើឱ្យ​កម្ពុជា​ ទទួលបាននូវការ​ផ្តល់​គុណ​តម្លៃ​ពី​បណ្តា​គណបក្ស ICAPP ជូន​កម្ពុជា​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​ម្តងទៀត​ជា​លើក​ទី​២ ដែល​សបញ្ជាក់ឱ្យឃើញ​ពីអ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​គឺ​ទទួលស្គាល់​ជា​អន្តរជាតិ​ពី​បណ្តា​គណបក្សនយោបាយ​លើ​សកលលោក។​

​លោក ប្រាក់ សុខុន ​ប្រធាន​គណៈកម្មការ​រៀបចំម​ហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ ធ្លាប់បាន​លើកឡើងថា​ កម្ពុជា​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មហា​សន្និបាត ICAPP ប្រព្រឹត្តទៅដោយ​រលូន ​ហើយ​ស្របតាម​មូលបទ ​«ដំណើរ​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សា​»។ ត្រង់ចំណុច​នេះ ​លោក ប្រាក់ សុខុន បានលើកឡើង​ថា ​មាន​ទិដ្ឋភាព​ពីរ​នៃ​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ ទិដ្ឋភាព​ទី​១ ​គឺពាក់ព័ន្ធ​ទៅនឹង​ខ្លឹមសារ និង​ឯកសារ​នានា​ ហើយ​ទិដ្ឋភាពទី​២​ ​គឺ​ទាក់ទង​ទៅនឹង​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ ​និង​សន្តិសុខ និងសុវត្ថិភាព​របស់​ភ្ញៀវ។ ដូច្នេះ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​រៀបចំ​បរិស្ថាន​ឱ្យបាន​ល្អ​ដើម្បី​ទទួលភ្ញៀវ​ប្រកបដោយផាសុកភាព និង​សុវត្ថិភាព ​ហើយកិច្ចប្រជុំ​ដំណើរការ​ទៅដោយ​រលូន​។

លោក ប្រាក់ សុខុន បន្តថា ​តួនាទី​របស់​កម្ពុជា​គឺ​ខិតខំ​ធ្វើឱ្យ​កិច្ចពិភាក្សា​នៃ​កិច្ចប្រជុំ​វិលជុំ​វិញប្រធានបទ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ទាំងនេះ​ទៅដល់​ពិភពលោក​ផងដែរ។ ដូច្នេះ​យើង​ត្រូវ​ប្រឹង ត្រូវ​ធ្វើឱ្យចេញពី​បេះដូង​របស់​យើង​ដើម្បីឱ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​ប្រជុំ​នេះ​គេ​មាន​ប្រយោជន៍​ខាង​នយោបាយ​ផង និង​គេ​សប្បាយចិត្ត​ដែល​បានមក​ស្គាល់​ប្រទេស​កម្ពុជា​ផង។​

​លោក ប្រាក់ សុខុន បាន​សង្កត់​ធ្ងន់​ថា​ «​នេះហើយ​ជា​អ្វីដែល​គេ​ស្គាល់​កម្ពុជា តាមរយៈ​ការសម្រេចបាន​សន្តិភាព ​និង​ការបង្រួបបង្រួម​ជាតិ​ពេញលេញ​របស់​កម្ពុជា​ អញ្ចឹង​យើង​មានលទ្ធភាព​នៅក្នុង​ការដើរតួនាទី​មួយ ប្រមូល​បញ្ញាញាណ ប្រមូល​គតិបណ្ឌិត​រប​ស់​គណបក្សនយោបាយ​នានា​នៅក្នុង​តំបន់​អាស៊ី ហើយក៏​ជាមួយ​គណបក្សនយោបាយ​នានា​នៅ​ទ្វីប​ផ្សេងទៀត ​មាន​មកពី​អាមេរិក​ឡាទីន និងមកពីអឺរ៉ុប។ អញ្ចឹង​បទពិសោធន៍​កម្ពុជា​គឺ​ការស្វែងរក​សន្តិភាព​នេះ​តែម្ដង​»

លោក​ បានបន្តថា​ «ទ្វីបអាស៊ី​ជា​ទ្វីប​មួយ​ធំ​បំផុត​ដែលមាន​ប្រជាជន​ច្រើន ហើយ​ជា​ទ្វីប​ដែលមាន​ប្រទេស​ខុសៗ​គ្នាច្រើន ទាំង​ផ្នែក​ប្រជាសាស្ត្រ ទាំង​ផ្នែក​ផ្ទៃក្រឡា វប្បធម៌​សាសនា ទំហំ​សេដ្ឋកិច្ច​ និង​ចំនួនប្រជាជន។ ​អញ្ចឹង​វា​មាន​ភាពចាំបាច់​ដើម្បី​យល់​គ្នា​ទោះជា​សាសនា​ខុសគ្នា ទំហំ​សេដ្ឋកិច្ច​ខុសគ្នា ទំហំ​ប្រទេស​ខុសគ្នា ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ការយល់​គ្នា។ ​ការយល់​គ្នា​នោះ​នៅក្នុង​គោលដៅ​មួយ​ជួយជំរុញ​វិបុលភាព​នៅក្នុង​តំបន់ ​ប៉ុន្តែ​វិបុលភាព​នោះ​មិនអាច​កើតឡើង​ដោយ​គ្មាន​សន្តិភាព​បាន​នោះទេ ​លុះត្រា​តែមាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ។ កម្ពុជាគាំទ្រ​ដំណើរការ​អភិវឌ្ឍ​រប​ស់​ប្រទេស​នានា​ និង​តំបន់​ ក៏​ដូច​ពិភពលោក​ទាំងមូល ​ហើយ​គាំទ្រ​នូវ​កិច្ចការ​ប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងសហប្រតិបត្តិការ​នានា​នៅក្នុង​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែលជាឧ​ត្ត​ម​គតិ ICAPP ហើយស្របទៅនឹង​គោលនយោបាយ​របស់​ការបរទេស​របស់​កម្ពុជា​តែម្ដង អញ្ចឹង​ហើយ​បានជា​កម្ពុជា​អាចរួមចំណែក​ពេញ​លេញ​នៅក្នុង​ការងារ​របស់ ICAPP​»។​

​លោក ជុង អ៉ីយ៉ុង ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP កាលពីថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល ​បាន​ថ្លែងថា​ «​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ដឹកនាំ​ស្ថាប័ន ICAPP ក៏ដូចជា​ ACC របស់ ICAPP ដើម្បី​ការតភ្ជាប់​វប្បធម៌​ចម្រុះ​នៅ​អាស៊ី និង​ពិភពលោក​តាមរយៈ​កិច្ចសន្ទនា ការយោគយល់​គ្នា និង​ការគោរព​គ្នា ​ជាពិសេស​ការបង្កើត​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ UNESCO»​។​

​ក្នុង​ភាពជា​ម្ចាស់ផ្ទះ ​កម្ពុជា​បានជ្រើសរើស​មូលបទ​ស​ម្រា​ប់​មហាសន្និបាត​គឺ «ដំណើរ​ស្វែងរក​សន្តិភាព និង​ការផ្សះផ្សា​»​ នេះ​មិនមែន​ជាការ​ធ្វើឡើង​ដោយ​ចៃដន្យ​ទេ​គឺ​ផ្អែកទៅ​លើ​​កត្តា​ពីរ​ជាធំ​ ទីមួយ​គឺ​ផ្អែកទៅលើ​បទពិសោធន៍​របស់​កម្ពុ​ជា ​និងមេរៀន​របស់​កម្ពុជា​ដែល​ទទួលបាន​ក្នុងការ​ស្វែងរក​សុខសន្តិភាព ការចរចា​សម្រេចបាន​សន្តិភាព ការផ្សះ​ផ្សា​​ជាតិ ការឯកភាព​ទឹកដី ​និង​ប្រមូលផ្ដុំ​កិច្ចប្រឹងប្រែង​ជាតិទាំងមូល​ដើម្បី​កសាង​ប្រទេស​ឡើងវិញ​ដែលមាន​ការអភិវឌ្ឍរ​ហូត​ដល់​សព្វថ្ងៃនេះ​ជា​ការពិត​ជាក់ស្តែង។ ​ទី​ពីរ ​ផ្អែកទៅលើ​បំណងប្រាថ្នា​ជា​អ្វីដែល​ប្រជាជន​នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់ ​និង​ក៏​ជាតម្រូវការ​នៅក្នុង​តំបន់ និង​ពិភពលោក គឺ​ចង់បាន​សន្តិភាព​ខ្ពស់។ សន្តិ​ភាពជា​ភាពចាំបាច់​មួយ​សម្រាប់​តំបន់​ និង​ពិភពលោក ហើយ​នេះ​ក៏​អាច​ចាត់ទុក​តួនាទី​មួយ​នៅក្នុង​ការគិតគូរ​ស្វែងរក​ពិភាក្សា​បញ្ចុះបញ្ចូល​ប្រទេស​នានា​ដែល​កំពុង​តែមាន​ជម្លោះ​ឱ្យ​វិល​មក​ពិភាក្សាគ្នា ហើយ​ស្វែងរក​ការបញ្ចប់​សង្គ្រាម​តាម​មធ្យោបាយ​ការទូត ​និង​ការចរចា​គ្នា​។ អ៊ីចឹងកម្ពុជា​អាចមាន​តួនាទី​នៅក្នុង​កិច្ចការងារ​នេះ ដែល​ធ្វើឱ្យពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា ក្នុងភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា ក្នុង​ទិដ្ឋភាព​ពីរ ទី​១​ គឺ​ទិដ្ឋភាព​វប្បធម៌​ដោយសារតែ​ប្រាសាទអង្គរវត្ត​និងទី២ គឺ​ទិដ្ឋភាព​សន្តិភាព ដែល​ប្រទេស​តិចតួច​ណាស់​នៅលើ​ពិភពលោក​សម្រេចបាន​សមិទ្ធ​ផល​ក្នុងការ​ស្វែងរក​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​ដូច​កម្ពុជា​ដែល​បានបញ្ចប់​សង្គ្រាម​រាំ​រ៉ៃ​ដែល​អូស​បន្លាយ​មក​ជាង ៥០០ឆ្នាំ ​មកជា​ប្រទេសមួយមាន​សុខសន្តិភាព​ពេញលេញ មាន​ការផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និងឯកភាព​ទឹកដី៕