(បរទេស)៖ រដ្ឋសភាបារាំង បានជូនដំណឹងនៅក្នុងអ៊ីមែលមួយទៅកាន់សមាជិកសភានៅថ្ងៃពុធសប្តាហ៍នេះថា គណនី Telegram ជាច្រើនដែលជាកម្មសិទ្ធិរបស់សមាជិកសភាបារាំងត្រូវបាន Hacked ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ POLITICO នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ករណីលួចចូល ឬ Hacked គណនី Telegram នេះត្រូវបានអះអាងថាកើតឡើងដោយការក្លែងបន្លំ/បោកប្រាស់ (ឬ ជាភាសាអង់គ្លេស phishing attacks) ពីពួក Hacker ដោយប្រើឧបាយកលទម្លាក់តំណភ្ជាប់ link ហើយក្នុងនោះមានសមាជិកសភា (MPs) មួយចំនួនបានចុចទៅលើតំណ link ដែលបង្ហាញថា មានរូបថតគ្រូបង្រៀនបឋមរបស់ពួកគេ។
តាមរយៈអ៊ីមែលដែលបានផ្ញើទៅសមាជិកសភាបារាំងនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋសភាបារាំង បានព្រមានឱ្យមានការប្រុងប្រយ័ត្នព្រោះពួក Hacker អាចប្រើគណនីដែលនៅជិតស្និតបំផុត ឬអាចប្រើវិធីសាស្រ្តផ្សព្វផ្សាយដើម្បីដំណើរការលួចចូលគណនី។
គួរជម្រាបថា សមាជិកសភាបារាំងទាំងអស់ត្រូវបានណែនាំឱ្យផ្លាស់ប្តូរពាក្យសម្ងាត់របស់ពួកគេ និងបើកមុខងារ «two-factor» ដើម្បីបង្ការហានិភ័យនៅលើ Telegram។ មុនឈានដល់មានព័ត៌មានអំពីការ Hacked នេះកើតឡើង ការិយាល័យនាយករដ្ឋមន្រ្តីបារាំង ធ្លាប់បានផ្តល់អនុសាសន៍ដែលថា មន្ត្រីរដ្ឋាភិបាលទាំងអស់គួរតែឈប់ប្រើប្រាស់ Telegram ហើយងាកទៅប្រើជម្រើសកម្មវិធីផ្សេង ឬកម្មវិធីក្នុងស្រុកជំនួសវិញ ខណៈកម្មវិធីនេះពុំមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ បន្ទាប់ពីមានការចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov នៅប្រទេសបារាំងក្នុងខែសីហា៕