(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី ក្នុងកម្មវិធីបាឋកថាពិសេស ស្តីពីភាពជាអ្នកដឹកនាំ ធុរកិច្ច និងសហគ្រិនភាព ដែលមានវាគ្មិនកិត្តិយសពីសំណាក់ លោកសាស្ត្រាចារ្យ Chairul Tanjung ស្ថាបនិក និងជាប្រធានក្រុមហ៊ុនសាជីវកម្ម CT Corp និងជាសេដ្ឋីលំដាប់ថ្នាក់ទី៧ នៃប្រទេសឥណ្ឌូនេស៊ី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា សាសនាឥស្លាមជំរុញឲ្យមុស្លីមខិតខំប្រកបមុខរបរទទួលទាន ដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កន្លងមកមានការយល់ច្រឡំថា មុស្លីមមិនត្រូវគិតគូរពីលោកកីយ៍នោះទេ ត្រូវខិតខំគិតគូរពីអាយីរ៉ាត់ (ថ្ងៃបរលោក) បានហើយ។ នេះគឺជាទស្សនៈខុសឆ្គងទាំងស្រុង ដោយព្យាការីមូហាំម៉ាត់ អ្នកនាំសារអល់ឡោះ គឺជាអ្នកជំនួញដ៏ពូកែម្នាក់ ហើយភរិយារបស់លោក ខទីជះ ក៏ជាអ្នកជំនួញដ៏ល្បីល្បាញនាសម័យកាលនោះផងដែរ។

លោកបន្ថែមថា ដើម្បីទទួលបានលាភសក្ការៈ ដែលហាឡាល និងប៉ារ៉ាកាត់ (ពរជ័យ) សាសនាឥស្លាមជំរុញឲ្យយើងប្រកបរបរអាជីវកម្ម និងកសាងខ្លួនឲ្យក្លាយជាសហគ្រិន។ ក្រៅពីការកសាងសេដ្ឋកិច្ចគ្រួសារ ការធ្វើអាជីវកម្ម ឬពាណិជ្ជកម្ម អាចជួយបែងចែកឡើងវិញនូវទ្រព្យសម្បត្តិ និងការកាត់បន្ថយនូវគម្លាត នៃភាពក្រីក្រក្នុងសង្គម តាមរយៈការដកហ្សាកាត់ (បរិច្ចាគ) ជូនដល់អ្នកទីទ័លក្រដែលអាចជួយកសាងបាននូវសង្គមមួយប្រកបដោយវិបុលភាព និងបរិយាបន្ន។

លោកសង្ឃឹមថា បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិត Chairul Tanjung នាពេលនេះ នឹងដាស់ស្មារតីឲ្យយើងខិតខំអភិវឌ្ឍន៍អាជីវកម្ម ឲ្យកាន់តែល្អប្រសើរ ហើយសម្រាប់យុវជន នឹងចាប់ផ្តើតគិតគូរពីការកសាងខ្លួនដើម្បីក្លាយជាសហគ្រិនតាមរយៈការបង្កើតនូវ Start up ជាដើម។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលលោក Chairul Tanjung បានមកទស្សនកិច្ចនៅកម្ពុជាកាលពីជាង១០ឆ្នាំមុន ខណៈបច្ចុប្បន្នលោកបានមើលឃើញនូវសមិទ្ធផលជាច្រើន ដែលជាវឌ្ឍនភាពនៃកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ខុសពីជាង១០ឆ្នាំមុន ដែលលោកធ្លាប់បានមកទស្សនកិច្ច។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ Chairul Tanjung បានសង្កាត់ធ្ងន់ថា នៅពេលដែលប្រទេសមួយមានសហគ្រិនច្រើន សេដ្ឋកិច្ចរបស់ប្រទេសនោះកាន់តែរីកចម្រើនថែមទៀត ព្រោះសហគ្រិនបានចូលរួមបង្កើតអាជីវកម្ម និងបង្កើននវានុវត្តន៍ថ្មីៗ។ លោកបានចែករំលែកបទពិសោធន៍មួយចំនួន ដែលធ្វើឲ្យអាជីវកម្មគាត់ជោគជ័យផងដែរ មានដូចជា ការចាប់ផ្តើមដោយមានបំណងល្អ​ ការចាប់យកឱកាស​ ថវិកាមិនមែនជាដើមទុនសំខាន់នោះទេ​ អ្វីដែលសំខាន់នោះ គឺមិត្តភាព​ ការបង្កើតបណ្តាញទំនាក់ទំនង​ និងចាត់ទុកភាពបរាជ័យជាមិត្ត។

លោកបញ្ជាក់ថា អ្វីៗទាំងអស់កើតឡើងតាមរយៈការខិតខំប្រឹងប្រែងធ្វើការងារ ហើយការងារនេះនឹងធ្វើឲ្យយើងរឹងមាំ និងអាចដោះស្រាយបញ្ហដែលយើងកំពុងប្រឈមបាន ដោយមិនត្រូវបោះបង់ និងបាក់ទឹកចិត្តនោះឡើយ។

សូមជម្រាបថា លោក Chairul Tanjung គឺជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេសឥណ្ឌូនេស៊ី និងជាធុរជនមុស្លីមដ៏ ជោគជ័យមួយរូបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នមានមុខជំនួញធំៗជាច្រើន នៅឥណ្ឌូនេស៊ី ដូចជាផ្នែកអចលនទ្រព្យ ធនាគារ ធានារ៉ាប់រង និងប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមបុត្រសម្ព័នក្រុមហ៊ុនសាជីវកម្ម CT Corp៕