(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាសលោកអញ្ជើញអមដំណើរលោក ត្រឹន ថាញ់ម៉ឹន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណចំពោះ លោកអនុរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែគាំទ្រ និងសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើង នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដែលបានសម្របសម្រួល និងការពារសុវត្ថិភាពដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ក្នុងឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ កាលពីដើមខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យកម្មវិធីបុណ្យបានប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក។
ទន្ទឹមនេះ ឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរនិយាយជារួម និងរវាងក្រសួងទាំងពីរ និយាយដោយឡែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាពេលកន្លងមក ហើយលោកក៏បានលើកឡើងថា លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។
លោកឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) ក៏បានជូនពរលោកអភិសន្តិបណ្ឌិត និងថ្នាក់នាំក្រសួងមហាផ្ទៃ សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ មុននឹងបញ្ចប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀតបានជូនពរលោកឧត្ដមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) និងគណៈប្រតិភូ សូមទទួលបាននូវផាសុកភាព និងជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕