(ស្ទឹងត្រែង)៖ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន២០ដុំធំ ក្រោយកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត រួមទាំងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ ចាប់ខ្លួននៅចំណុចគោលដៅព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួននៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖
*ទី១៖ ឈ្មោះ វ៉ា ចិន្តា អាយុ៣០ឆ្នាំ
*ទី២៖ ឈ្មោះ នឿន ចាន់រ៉ុង។ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ពួកគេត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួន ក្រោយការឆែកឆេររកឃើញ វត្ថុតាងជាគ្រឿងញៀនចំនួន២០ដុំ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ វត្ថុតាងដែលដកហូតបាន រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២០ដុំ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ ២គ្រឿង៕