(ភ្នំពេញ)៖ មុននឹងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល ធ្វើទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ដើម្បីឈ្វេងយល់អំពីដំណើរនៃការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ទៅកាន់សន្តិភាពពេញលេញនៅកម្ពុជា ក្នុងនោះរួមទាំងកិច្ចការសកម្មភាពមីន ផងដែរ។
ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមានការចូលរួមពីប្រតិភូពីបណ្តារដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ជុំវិញពិភលោក ចំនួន៥២៨នាក់។
ក្នុងដំណើរការរៀបចំនេះ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា «សារមន្ទីរតេជោសន្តិភាពនេះ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិសេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។ សារមន្ទីរនេះ មិនត្រឹមតែរំលឹកយើងអំពីអតីតកាលរបស់កម្ពុជានោះទេ វាជានិមិត្តរូបនៃការអំពាវនាវ និងការជំរុញឱ្យយើងរួបរួមគ្នា បន្តឆ្ពោះទៅមុខដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានមីន»។
ជាមួយគ្នានោះ សារមន្ទីរតេជោសន្តិភាព ក៏ជាសក្ខីភាពបង្ហាញថា ការបោសសម្អាតមីន បាននាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់នូវឱកាសជាថ្មីដល់ជីវិតរបស់ប្រជាជាន និងសហគមន៍ទាំងមូល។ សារមន្ទីរតេជោសន្តិភាព នឹងបំផុសគំនិតយើងទាំងអស់គ្នាឱ្យ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព សាមគ្គីភាព និងភាពធន់ ក៏ដូចជាបំផុសគំនិតយើងឱ្យសម្រេចឱ្យបាន នូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលនឹងត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខនេះ។
ក្នុងឱកាសនោះ បណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុនសម្រាប់ភាពជាដៃគូយូរអង្វែង និងការគាំទ្រដ៏មានតម្លៃសម្រាប់ការសាងសង់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាពិសេសការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងសកម្មភាពមីន ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសនាំមុខគេក្នុងសកម្មភាពមីនជាសកល៕