(ពោធិ៍សាត់)៖ អភិបាលរងស្រុកតាលោសែនជ័យ និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ចំនួន២រូប ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើងពេលព្រឹកនៅបរិវេណសាលាស្រុកតាលោសែនជ័យ និងពេលរសៀលនៅបរិវេណសាលាស្រុកបាកាន ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការទាំង២ស្រុកផ្សេងទៀត។

យោងតាមប្រកាសលេខ ៦៨៧៦ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន២រូប រួមមាន៖

*ទី១៖ លោក ឈ ម៉ៅ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៤ ពីប្រធានភូមិបាលក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកតាលោសែនជ័យ
*ទី២៖ លោក ទី រ៉ា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ឱ្យកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាលស្រុកបាកាន។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងតាំងមន្ត្រីរាជការនោះរួចមក លោក ឈ ម៉ៅ និងលោក ទី រ៉ា ដែលទើបទទួលបានតំណែងថ្មី ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងស្រុកបាកាន បានប្តេជ្ញាចិត្តដូចតទៅ៖

*ទី១៖ ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
*ទី២៖ ប្តេជ្ញា អនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលយកការអភិវឌ្ឍ ធនធានមនុស្ស។
*ទី៣៖ គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ នានារបស់រាជរដ្ឋាភិបាល។
*ទី៤៖ រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អមិនបង្កភាពអសកម្មផ្សេងៗ។
*ទី៥៖ បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះ អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។
*ទី៦៖ ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំ វិញក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំ សង្កាត់ទាំងអស់ទូទាំងក្រុង ស្រុក ដើម្បីផ្សារភ្ជាប់កិច្ច អភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោក ពៅ ពិសិដ្ឋ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុកតាលោសែនជ័យ និងស្រុកបាកាន រដ្ឋបាលឃុំទាំងអស់ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្រុកទាំង២ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសាធារណៈ លើគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការដោះស្រាយជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នានានៅមូលដ្ឋាន ជូនប្រជាជនបានល្អប្រសើរ។

លោកអភិបាលរងខេត្តបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងអភិបាលរងស្រុកតាលោសែនជ័យ និងស្រុលបាកានបន្ថែម ដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

លោកសង្ឃឹមថា លោកអភិបាលរងស្រុកថ្មីទាំង២ ដែលទើបទទួលការតែងតាំងមុខតំណែង នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់យើង ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោក ពៅ ពិសិដ្ឋ សូមស្នើដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ការិយាល័យអង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋទូទាំងស្រុក ផ្តល់ការគាំទ្រដល់លោកអភិបាលរងស្រុកថ្មី ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងខិតខំរួមគ្នា ធ្វើការអភិវឌ្ឍស្រុក ឱ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យបន្តទៀត។

ជាមួយគ្នានោះ លោកបានណែនាំដល់អភិបាលរងស្រុកថ្មីទាំង២រូប ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យខិតខំធ្វើការងារ ដោយសហការ និងពង្រឹង សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី ។

លោកសូមលើកទឹកចិត្ត ដល់លោកអភិបាលរងស្រុកទាំង២ ត្រូវខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕