(រតនគិរី)៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ កងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤)។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ.មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័ត ព្រមទាំងយោធិនចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណ: នាយ នាយរង និងពលវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជហត្ថខេត្តជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករំលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តរតនគីរី ជូនដល់យោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជូនយោធិសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ ចំនួន ១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន: ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, មី ០១កេស, ភេសជ្ជៈប៉ូវកម្លាំង ០២កេស, អង្ករ ០១បេ ស្មើនិង ២២ គីឡូក្រាម, ថវិកាចំនួន ១០០.០០០រៀល។

ដោយឡែកយោធិនដែលមានជំងឺចំនួន ០១នាក់ទទួលបានថវិកាពីមូលនិធិកងរាជអាវុធហត្ថខេត្តចំនួន ២.១៥០.០០០រៀល និងបានចូលបុណ្យសពគ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន ២សពក្នុងមួយសព ថវិកាចំនួន ៧០០.០០០រៀល៕