(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានរៀបចំពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ពិធីនេះ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប។

ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់រដ្ឋបាលក្រុង ស្រុក តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ដែលទទួលបន្ទុកក្នុងការរៀបចំវេទិកាថ្នាក់ខេត្តនេះ  រដ្ឋបាលខេត្ត ទទួលបាននូវសំណួរ សំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់បានសរុបចំនួន៣៩ ព្រមទាំងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន៥១និងរដ្ឋបាលខេត្តផ្ទាល់  មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុប ចំនួន២៣ និងសំណួរ សំណូមពរពីបទអន្តរាគមន៍មានចំនួន០៧ ដែលសរុបទាំង៤ប្រភព មានចំនួន១២០។

នៅក្នុងចំណោមសំណួរ សំណូមពរ និងបញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកានេះ ដែលមានការចូលរួមពីសមាជិក សមាជិកា នៃអង្គវេទិការយ៉ាងផុលផុស ជាលទ្ធផល អង្គវេទិកាពេលនេះបានសម្រេចធ្វើការដោះស្រាយ និងធ្វើការបញ្ជូនទៅធ្វើការដោះស្រាយបន្តទៅរាជរដ្ឋាភិបាលកម្ពុជា។

អង្គវេទិកាក៏បានលើកឡើងជាសំណើរ និងសំណូមជាច្រើន ដូចជា ការស្នើសុំផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង និងការស្នើសុំធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់ឃុំ សង្កាត់។

ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា ក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ បានលើកឡើង នូវសំណួរ សំណូមពរ និងបញ្ហប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់បានសរុបចំនួន៣៩ ព្រមទាំងសំណួរ សំណូមពរ បញ្ហាប្រឈមពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន៥១ និងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន២៣ ហើយនឹងសំណួរ សំណូមពរពីបទអន្តរាគមន៍មានចំនួន០៧ ដែលសរុបទាំង៤ប្រភព គឺមានចំនួន១២០។ នៅក្នុងចំណោមសំណួរ សំណូមពរ និងបញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកាផងដែរ។

លោកបន្តថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក លី សំរិទ្ធ បន្ថែមថា អង្គវេទិកា ក៏បានធ្វើការដោះស្រាយ និងឆ្លើយតបទៅនឹងសំណួរ សំណូមពរ និងបញ្ហាប្រឈមជាច្រើនដែលបានឡើង ដោយថ្នាក់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត និងពីមន្ទីរ អង្គភាព ដែលលើកឡើងជាសំណូមពរនៅក្នុងបទអន្តរាគមន៍របស់ខ្លួនផង​ដែរ។

ជាមួយនេះ លោកក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ជាគន្លឹះ ដែលជាសូចនាករ សម្រាប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងអនុសាសន៍របស់អនុប្រធានលេខាធិការដ្ឋាន ដោយធ្វើការកំណត់នូវរាល់បញ្ហា ដោយធ្វើការបែងចែកឲ្យចាច់ទៅលើប្រភេទមុខងារ បញ្ហាប្រឈម និងសម្របសម្រួលឡើងវិញ ដើមី្បធានាទាំងទិដ្ឋភាពខ្លឹមសារ និងទិដ្ឋភាពច្បាប់៕