(ភ្នំពេញ)៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ឆ្នាំ២០២៤ នៅតែមានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជា នៅតាមបណ្តាខេត្ត ហើយបានចូលរួមចំណែកពង្រឹង ចំណងមិត្តភាពបងប្អូនរវាងប្រទេសទាំងពីរ នេះបើតាមមន្ត្រីជំនាញវប្បធម៌ នៅមូលដ្ឋានផ្ទាល់។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ប្រាប់ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាន ព្រោះដំណើរអាចក្លាយជាស្ពានលើកកម្ពស់ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ នៃប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកពង្រឹងចំណងមិត្តភាពបងប្អូនកម្ពុជា-ចិន។

បើតាម លោក ប៊ុនថន សុខាណារិទ្ធ បានឲ្យដឹងដែរថា អ្នកចូលរួមទស្សនាបានជក់ចិត្តនិងភាពយន្ត ហើយថែមទាំងបានសំណូមពរ ឲ្យមានការចាក់បញ្ចាំងភាពយន្តចិន ទៅដល់ភូមិផ្ទាល់តែម្តង និងផ្លាស់ប្តូរការចាក់ភាពយន្តឯកសារ ទាក់ទងនឹងវប្បធម៌ ទៀតផង។ «អ្វីដែលខ្ញុំចាប់អារម្មណ៍នៅមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង ពេលមានការចាក់បញ្ចាំង នៅវិមានឯករាជ្យ យើងមានភាពយន្តឯកសារ ដែលនិយាយពីការផលិត កុលាលភាជន៍ តាមបែបប្រពៃណី របស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្រុក នៅខាងភូមិអណ្តូងឬស្សី ហើយមន្ត្រីជំនាញ របស់មន្ទីរយើងខ្ញុំ ក៏បានដឹកពួកគាត់មកទស្សនា ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ពួកគាត់បានសំណូមពរឲ្យ ក្រុមការងារ អាចលើកយកទាំងភាពយន្តចិន ទាំងភាពយន្តឯកសារក្តី យកទៅចាក់បញ្ចាំងនៅក្នុងភូមិ អណ្តូងឬស្សី ដែលជាភូមិរបស់ពួកគេ ហើយខ្ញុំបាទក្នុងនាមជាសេនាធិការ ឲ្យក្រសួង ក៏បានស្នើសុំគោលការណ៍ទៅអភិបាលខេត្ត ធ្វើយ៉ាងម៉េច ឲ្យភាពយន្តយន្តរបស់យើងបានទៅបញ្ចាំងនៅក្នុងមូលដ្ឋានភូមិនោះផ្ទាល់តែម្តង»។

គួរបញ្ជាក់ថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ បាននាំយកភាពយន្តចិនកម្ពុជាចាក់បញ្ចាំងជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំងរយៈពេល ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែវិច្ឆិកា។ បន្ទាប់ពីខេត្តកំពង់ឆ្នាំង ក៏បន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។ ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ត្រូវបានរៀបចំពិធីសម្ពោធបើកជាផ្លូវការ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ៕

វិទ្យុមិត្តភាពកម្ពុជាចិន