(កំពង់ឆ្នាំង)៖ ពលរដ្ឋ១២៩គ្រួសាររស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលរងបណ្ដឹងពីមេឈ្មួញទិញដីម្នាក់ ដែលបានប្ដឹងពួកគាត់ទៅកាន់តុលាការ ពាក់ព័ន្ធករណីការទិញដីធ្លីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ រស់នៅបច្ចុប្បន្ន បានស្នើសុំថ្នាក់ដឹកនាំ និងអភិបាលខេត្តកំពង់ឆ្នាំង​ លោក ស៊ុន សុវណ្ណារិទ្ធ ជួយពន្លឿនបញ្ចប់នីតិវិធីនៅតុលាការ។

លោក លឹម សៀន មានទីលំនៅក្នុងភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង តំណាងឲ្យប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ ដែលត្រូវបានមេឈ្មួញដីម្នាក់បានប្ដឹងពួកគាត់ទៅកាន់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងខាងលើនេះ បានបញ្ជាក់ ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០១២ អនុភូមិម្នាក់ឈ្មោះ ហូ ហេង និងក្រុមការងារ បានប្រមូលប្រជាពលរដ្ឋប្រជុំផ្សព្វផ្សាយអំពីផែនការរៀបចំដីព្រៃក្នុង មូលដ្ឋានចែកជូនប្រជាពលរដ្ឋចំនួន១២៩គ្រួសារ ដោយក្នុងមួយគ្រួសារចែកដីឱ្យចំនួន២ហិកតា តែមិនបានប្រគល់ដីនោះឲ្យពលរដ្ឋនោះទេ ដោយលោកអនុភូមិ និងក្រុមការងារ ត្រូវយកដីនោះទៅលក់ឱ្យឈ្មួញ ហើយយកលុយមកចែក ជូនប្រជាពលរដ្ឋវិញ។

កាលណោះអាជ្ញាធរភូមិ និងក្រុមការងារ បានសន្យាថា នឹងប្រគល់ប្រាក់ជូនពលរដ្ឋក្នុងដីមួយហិកតាតម្លៃ២០០ដុល្លារ ដូច្នេះក្នុង២ហិកតា ពលរដ្ឋត្រូវទទួលបានប្រាក់ក្នុងមួយគ្រួសារចំនួន៤០០ដុល្លារគ្រប់គ្រួសារទាំង១២៩ផងដែរ។ ក្រោយពីប្រជុំឯកភាពគ្នាហើយ អាជ្ញាធរភូមិ និងក្រុមការងារបានប្រមូលយកអត្តសញ្ញាណប័ណ្ណទាំង១២៩គ្រួសារ ដើម្បីយកទៅធ្វើកិច្ចសន្យាទិញលក់ដីធ្លីដែលត្រូវបានអាជ្ញាធរភូមិរៀបចំលក់ខាងលើនេះ។

លោកបានបន្តឱ្យដឹងទៀតថា លុះនៅឆ្នាំ២០១៤ លោកអនុភូមិ និងក្រុមការងារបានយកប្រាក់មកកក់ប្រជាពលរដ្ឋទាំង១២៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៥០ដុល្លារ។ ជាមួយគ្នានេះ អាជ្ញាធរភូមិ និងក្រុមការងារក៏បានយកលិខិតដែល ជាកិច្ចសន្យាទិញលក់ដីខាងលើនេះ មកឱ្យប្រជាពលរដ្ឋផ្ដិតមេដៃ តែក្នុងលិខិតនោះពុំមានចុះថ្ងៃខែឆ្នាំ និងចុះទំហំដីនោះឡើយ។

តែដោយប្រជាពលរដ្ឋសំអាងថា ការផ្ដិតមេដៃនេះ គឺផ្ដិតទៅលើឯកសារទិញលក់ដីដែលត្រូវបានអាជ្ញាធរភូមិ និងក្រុមការងារ បានរៀបចំចែកឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារ២ហិកតាដូចដែលអាជ្ញាធរភូមិ និងក្រុមការងារបានប្រជុំប្រាប់ប្រជាពលរដ្ឋ កន្លងមកទើបពួកគាត់សុខចិត្តនាំគ្នាផ្ដិតមេដៃ។ នៅឆ្នាំ២០១៥ មានមន្ត្រីសុរិយោដីខេត្ត បានចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាលក្ខណៈប្រព័ន្ធ ខណៈនោះប្រជាពលរដ្ឋដែលមានដីនៅជិតដីដែលគេបាន រៀបចំលក់ខាងលើនេះ ដើម្បីចុះវាស់វែងធ្វើកម្មសិទ្ធិ។ នៅពេលមន្ត្រីជំនាញបានបិ ទផ្សាយក៏មានរដ្ឋបាលព្រៃឈើបានប្ដឹងជំទាស់ដោយបានអះអាងថា ដីទាំងអស់នេះជាដីគម្របព្រៃឈើឆ្នាំ២០០២ ក្នុងនោះក៏មានចូលទាំងដីស្រែ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល និងរស់នៅតាំងពីឆ្នាំ១៩៩៥មកផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា រហូតដល់ឆ្នាំ២០២៣ ក៏មានឈ្មួញទិញដីម្នាក់ឈ្មោះ លន់ ឡន បានដាក់ពាក្យបណ្តឹងប្រជាពលរដ្ឋក្នុងភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ចំនួន១២៩គ្រួសារ ទៅតុលាការដោយឱ្យប្រជាពលរដ្ឋទាំងអស់នោះ ទទួលស្គាល់ថា លោក លន់ ឡន ជាម្ចាស់កម្មសិទ្ធិដីដែលមានទំហំរហូតដល់៥៦២ហិកតា។ តែជាក់ស្ដែងកាលដែលអាជ្ញាធរ បានប្រជុំចែកដីជូនប្រជាពលរដ្ឋទាំង១២៩គ្រួសារ នៅអំឡុងឆ្នាំ២០១២សរុបដីដែលលក់មានទំហំត្រឹមតែ ២៥៨ហិកតាតែប៉ុណ្ណោះ។ រឿងអីឱ្យពលរដ្ឋទទួលស្គាល់ដីរហូតទៅដល់៥៦២ តើបានដីនោះមកពីណា?។

ដោយឡែកនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរភូមិ និងក្រុមការងារ បានយកលុយទៅឲ្យប្រជាពលរដ្ឋបន្ថែមទៀតដោយក្នុងមួយគ្រួសារមួយលានរៀល។ ខណៈនោះដែរក្នុងចំណោមពលរដ្ឋទាំង១២៩គ្រួសារ អ្នកទទួលលុយមានចំនួន ៨០គ្រួសារដោយឡែក៤៩គ្រួសារទៀតពុំទទួលលុយនោះទេ ដោយសារតែប្រាក់នោះមិនគ្រប់តាមការសន្យា។

បន្ទាប់ពីប្រគល់ប្រាក់មួយលានរៀលបន្ថែមជូនប្រជាពលរដ្ឋនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣រួចមក តុលាការក៏បានកោះហៅប្រជាពលរដ្ឋទាំង១២៩គ្រួសារ ឲ្យទៅទទួលស្គាល់ដីទំហំ៥៦២ហិកតារបស់ឈ្មោះ លន់ ឡន ម្ដងទៀត។ ពេលនោះក្នុង ចំណោមពលរដ្ឋ១២៩គ្រួសារ ត្រូវបានតុលាការកោះហៅ គឺមានពលរដ្ឋចំនួន៨០គ្រួសារ ដែលបានទទួលប្រាក់១លានរៀលបន្ថែម នោះមិនបានទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការនោះទេ ដោយអាជ្ញាធរភូមិ និងក្រុមការងារជាអ្នកឆ្លើយជំនួស។

លោកបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៤ លោក លន់ ឡន ក៏បានប្ដឹងប្រជាពលរដ្ឋនៅក្នុងភូមិជរ ឃុំប្រស្នឹបនេះចំនួន៣១គ្រួសា ពីបទ «រំលោភលើសេចក្តីទុកចិត្ត»។ ករណី នេះតុលាការក៏បានកោះហៅ ប្រជាពលរដ្ឋឱ្យទៅឆ្លើយបំភ្លឺរួចរាល់ហើយដែរ។ ប្រជាពលរដ្ឋទាំង៣១គ្រួសារនោះ ក៏បានប្តឹងបកមកលោក លន់ ឡន ទៅតុលាការវិញ ពីបទ «ឆបោក និងបង្កាច់កេរ្តិ៍» ផងដែរ។

ដោយឡែកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លន់ ឡន បានប្ដឹងប្រជាពលរដ្ឋនៅក្នុងឃុំជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន១៥៩នាក់ ក្នុងនោះមានអាជ្ញាធរស្រុក អាជ្ញាធរឃុំ មន្ត្រីភូមិបាលស្រុក មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ឲ្យទៅឆ្លើយបំភ្លឺ និងទទួលស្គាល់ដីចំនួន៥៦២ហិកតាថា ជាកម្មសិទ្ធិស្របច្បាប់របស់លោក លន់ ឡន ទាំងអស់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានរងបណ្ដឹងរបស់លោក លន់ ឡន ឈ្មួញដីខាងលើនេះ គោរពស្នើសុំដល់លោកអភិបាលខេត្តកំពង់ឆ្នាំង ប្រធានតុលាការខេត្ត មេត្តាជួយសម្របសម្រួល និងបញ្ចប់នីតិវិធីនេះឲ្យបានឆាប់ចប់ដោយក្តីអនុគ្រោះផង។ ដោយសារតែសព្វថ្ងៃនេះពួកគាត់ត្រូវបានតុលាការកោះហៅទៅឆ្លើយបំភ្លឺជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យពួកគាត់ខាតបង់ពេលវេលាធ្វើការរកស៊ី ហើយរដូវនេះជារដូវច្រូតកាត់ផង និងម្យ៉ាងត្រូវចំណាយប្រាក់កាសក្នុងការធ្វើដំណើរទៅកាន់តុលាការម្ដងពីរដង ព្រោះពីភូមិរបស់គាត់ទៅកាន់ក្រុងកំពង់ឆ្នាំង គឺមានចម្ងាយរហូតដល់ជាង២០គីឡូម៉ែត្រឯណោះ។

ករណីនេះបណ្ដាញព័ត៌មាន Fresh News មិនអាចសុំការទំនាក់ទំនងពីលោក លន់ ឡន បាននោះទេដោយសារតែមិនមានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនង។

ចំណែកលោក ហូ ហេង អនុភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទឲ្យដឹងផងដែរថា ពាក់ព័ន្ធនឹងករណីការរៀបចំដីក្នុងភូមិលក់ផ្កាអំឡុងឆ្នាំ២០១២ លោក និងក្រុមការងារជាអ្នករៀបចំលក់ពិតប្រាកដមែន។ តែកាលណោះលោកលក់ដីនៅក្នុងមូលដ្ឋានភូមិរបស់លោកតែចំនួនជាង២០០ហិកតាតែប៉ុណ្ណោះ។ ដោយមិនបានលក់ដីដែលមានទំហំរហូតទៅដល់ចំនួន៥៦២ហិកតាដូចការអះអាងរបស់លោក លន់ ឡុង នោះទេ។

ករណីនេះទាំងរូបលោកផ្ទាល់ក៏ដូចជាលោកមេឃុំប្រស្នឹបបានបដិសេធដោយមិនទទួលស្គាល់ដូចដែលការអះអាងរបស់ឈ្មោះលោក លន់ ឡន លោកឡើយ។

ជុំវិញករណីខាងលើនេះ លោក សេង វិចិត្រ អភិ បាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ឲ្យដឹងថា ករណីនេះនៅល្ងាចថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការបានកោះហៅប្រជាពលរដ្ឋនៅក្នុងភូមិជរ ក្នុងនោះក៏បានកោះហៅរូបលោកឲ្យទៅឆ្លើយបំភ្លឺនៅតុលាការ ករណីការទិញលក់ដីនៅក្នុងភូមិជ័រ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខាងលើនេះផងដែរ។

លោកបានបញ្ជាក់ទៀតថា ករណីនេះដំបូងឡើយគឺឈ្មោះលោក លន់ ឡន បានឱ្យក្រុមការងារដែលជាមេខ្យល់ជាអ្នកគក់ជេរដីនោះរៀបចំដីឱ្យ បន្ទាប់ពីរៀបឲ្យហើយក៏បានកក់ប្រាក់ជាមួយប្រជាពលរដ្ឋក្នុងមួយគ្រួសារ២០ម៉ឺនរៀល តែក្នុងនោះអ្នកខ្លះក៏មានដីអ្នកខ្លះក៏មិនមានដី។ បើតាមជំនាញបានបកស្រាយការពារព្រឹកមិញ ក្នុងចំណោមទំហំដី៥៦២ហិកតា គេមានដីសហគមន៍ជាង១៧០ហិកតា សល់ពីនោះគឺជាដីគម្របព្រៃឆ្នាំ២០០២ទាំងអស់ គឺមិនមែនជាដីរបស់ លន់ ឡន នោះទេ។ ឯកាទិញលក់នោះគ្រាន់តែកក់លុយប្រជាពលរដ្ឋ រួចហើយលែងឃើញមករវីរវល់អ្វីទាំងអស់ដោយឡែកតាំងពីឆ្នាំ២០០២ រហូតមកដល់ ឆ្នាំ២០១៥ ដែលមន្ត្រីសុរិយោដីចុះវាស់ជាលក្ខណៈប្រព័ន្ធនោះក៏មិនឃើញឈ្មោះ លន់ ឡន នេះចូលរួមផងដែរ។

អភិបាលស្រុកបានបន្តឲ្យដឹងទៀតថា នៅពេលដែលចុះវាស់វែងហើយទើបខណ្ឌរដ្ឋបាលព្រៃឈើដែលជាអ្នកប្ដឹងទាស់ ខណៈនោះដែរលោក លន់ ឡន ក៏បានដាក់ពាក្យសុំអន្តរាគមន៍ពីរដ្ឋបាលខេត្ត ប៉ុន្តែកាលនោះរដ្ឋបាលខេត្តពុំបានអន្តរាគមន៍ តាមការស្នើសុំរបស់ឈ្មោះ លន់ ឡន នោះដែរ។ ដោយឡែកការផ្តិតមេដៃនៅលើកិច្ចសន្យាទិញលក់ដីគឺថ្ងៃ-ខែ-ឆ្នាំ ទំហំដី និងព្រំប្រទល់ដី គឺខាងក្រុមការងារអ្នកគួកជេរដីជាអ្នករៀបចំដោយខ្លួនឯងទាំងអស់ ចំណែកការវាស់វែងឃ្លុំយកដីនោះ ក៏មិនមានមន្ត្រីជំនា ញបានចូលរួមនោះដែរ គឺក្រុមការងារគេអ្នកគួកជេរដីទាំងនោះគឺជាអ្នកធ្វើដោយខ្លួនឯង៕