(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លេីកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។

ក្នុងឱកាសនៃជំនួប លោកស្រីអនុប្រធានរដ្ឋឡាវ បានសម្តែងការអបអរសាទរ​ជូនចំពោះ​សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា និងកោត​សរសើរ​ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែល​បាន​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យ​កិត្យានុ​ភាពរបស់កម្ពុជាកាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។

លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អ​ប្រសើរ​​ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២​ និងកិច្ចប្រជុំពាក់​ព័ន្ធ។ លោកស្រីអនុប្រធានរដ្ឋក៏បានសម្ដែងសេចក្តីសោមនស្សរីករាយ និងការពេញ​ចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់​នូវ​ការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានអរគុណលោកស្រីអនុប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែម​ទៀត។

សម្ដេចបវរធិបតី និងលោកស្រីអនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញ​កិច្ចសហ​ប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋ​កិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់​ប្ដូរ​ប្រជា​ជន និងប្រជាជន៕