(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Chung Eui-Yong ប្រធានគណៈ​កម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូ​នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។

ក្នុងឱកាសនៃជំនួប លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះ​ការ​រៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់​ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិក​គណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបានសុខសន្ដិភាព និងស្ថិរ​ភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេស​មួយ​ចំ​នួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់​ទុកបទ​ពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា គឺជាករណី​សិក្សា​ដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការ​គណ​បក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅ​ក្នុង​ការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋា​ភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារ​សំខាន់​សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់ និងសកលលោក។ ក្នុងន័យនេះ សម្ដេចបវរធិប​តី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរស្វែងរកសន្តិភាព​ និងការផ្សះផ្សាជាតិនៅកម្ពុជា តាមរយៈនយោបាយ «ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមាន​ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ភាពជាអ្នក​ដឹកនាំ និងការកសាងភាពជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែក​ស្វែង​រកសន្តិភាពពេញលេញ​នៅកម្ពុជា។

សម្ដេចបវរធិបតី និងលោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងសមាជិក​គណៈ​ប្រតិភូ​ ក៏បានពិភាក្សាផងដែរ​ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន៕