(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបិទកម្មវិធី ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលើការសិក្សាជាបឋមនៃគម្រោង «មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា - Cambodia’s National Trademark Management Center (NTMC) and IP -Business Information System Development Project»។
ការសិក្សាជាបឋមនៃគម្រោងនេះ ត្រូវបានធ្វើឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញកូរ៉េ និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចប្រជុំដែលធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឡើងនៅក្រសួងពាណិជ្ជកម្ម លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា រួមជាមួយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាលើការរកឃើញការសិក្សាជាបឋមនៃគម្រោង និងបង្ហាញពីជំហានបន្ទាប់ សម្រាប់ការអភិវឌ្ឍគម្រោង។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។ ក្នុងនាមជាដៃគូសំខាន់របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បានប្តេជ្ញាចិត្តក្នុងការពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗដែលលើកកម្ពស់វិបុលភាព រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំក៏បានរួមបញ្ចូលការពិភាក្សា លើការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា Cambodia’s National Trademark Management Center (NTMC)។ គម្រោងនេះមានគោលបំណងជំរុញប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការរួមបញ្ចូលទិន្នន័យអាជីវកម្ម ទៅនឹងប្រព័ន្ធចុះបញ្ជីម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ geographical indication (GI) និងអភិវឌ្ឍមុខងារសេវាសាធារណៈ។
គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រង ម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់កម្ពុជា ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា និងលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា។
លោក អ៊ុក ប្រាជា បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA ដែលបានបន្តគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ក្នុងការជំរុញភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងការប្រកួតប្រជែងជាសកល។ លោកបានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាក របស់ផលិតផលកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។
ទីភ្នាក់ងារកយកា-KOICA នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារនេះទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏សំខាន់នេះ៕