(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា ជួយគាំទ្រកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពិសេសគឺផ្ដោតលើការអនុវត្តស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី Meloney C. Lindberg (មេឡូនី លីន្តប៊ឺហ្គ) ប្រធានអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ពាក់នឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងកម្ពុជានិងមូលនិធិអាស៊ី។ កិច្ចពិភាក្សានេះដែរធ្វើឡើងនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍

ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការរួមចំណែកក្នុងការផ្សព្វផ្សាយ ការជំរុញនិងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលទ្ធផលវិជ្ជមានទៅកាន់ទីផ្សារដែលជាដៃគូរបស់អង្គការ ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាជាដៃគូដទៃទៀតក្នុងការទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនានៅកម្ពុជា។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានសំណូមពរឱ្យអង្គការមូលនិធិអាស៊ីជួយចូលរួមគាំទ្រដល់ការអនុវត្តស្តង់ដាទីក្រុងស្អាតអាស៊ាន ដែលកម្ពុជាជាប្រទេសដឹកនាំសម្របសម្រួល ព្រមទាំងយុទ្ធនាការផ្សេងៗ សំដៅចូលរួមថែរក្សាបរិស្ថាន រក្សានូវផាសុកភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ គឺការជួយលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្ត, ការរៀបចំនិងគ្រប់គ្រងទិសដៅសហគមន៍ទេសចរណ៍ ស្របតាមគោលការណ៍ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ដែលមានកម្ពុជាជាប្រទេសដឹកនាំសម្របសម្រួលដូចគ្នា។

លោករដ្ឋមន្ត្រីក៏បានស្នើដល់អង្គការមូលដ៏សំខាន់មួយនេះ ឲ្យការជួយសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីគាំទ្រការអនុវត្តប្រកបដោយនិរន្តរភាព, ពង្រឹងស្តង់ដារអេកូទេសចរណ៍ ការអភិរក្សនិងការគ្រប់គ្រងកាកសំណល់ប្រកបដោយការទទួលខុសត្រូវ។ ការណ៍នេះ គឺដើម្បីបង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងជួយជំរុញការផ្សព្វផ្សាយនិងពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅក្រៅតំបន់ តាមរយៈបច្ចេកវិទ្យាឌីជីថល ក៏ដូចជាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្កានុពលលេចធ្លោជាដើម៕