(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឡើងថ្លែងសុន្ទរកថា បង្ហាញលទ្ធផល នៃកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»។
ពិធីនេះបានធ្វើឡើងក្នុងពិធីបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើកដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃបណ្តាញផ្សព្វផ្សាយ ការលើកកម្ពស់ទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញទៅមក ក្នុងចំណោមប្រជាពលរដ្ឋ ការពង្រឹង ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់សន្តិភាព ការផ្សះផ្សា ព្រមទាំងអភិវឌ្ឍន៍នៅក្នុងតំបន់ និងក្រៅតំបន់។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងពីទំនាក់ទំនងព័ត៌មានក្លែងក្លាយ បច្ចេកវិទ្យាទំនើប ដែលបានជ្រែតជ្រែកតួនាទីរបស់បណ្តាញសង្គម។ ការធ្វើបែបនេះ គឺឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន អ្នកសារព័ត៌មាន រហូតដល់ការប្រើអំពើហិង្សា ភាពភ័យខ្លាចដែលនាំឱ្យរាំងស្ទះដល់សន្តិ និងការអភិវឌ្ឍប្រកបដោយស្ថិរភាព។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាទើបអាចប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់ ដើម្បីស្តារឱ្យមានសន្តិភាពយូរអង្វែង។
លោក នេត្រ ភក្ត្រា បានថ្លែង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ដើម្បីស្ថិរភាពសង្គម រក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕