(សៀមរាប)៖ ស្ថាប័នពិភពលោក Giunness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រជាជាតិកម្ពុជាជាផ្លូវការ។

គួរជម្រាបថា ឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលកាលណោះគឺមានការចតរថយន្ត SUPER CARS / HYPER CARS សរុបដល់ទៅ១៧៩គ្រឿង ដែលជាកំណត់ត្រាច្រើនលើសជាងគេចុងក្រោយលើពិភពលោក។

ពិធីប្រគល់ទទួលវិញ្ញាបនបត្រដ៏មានកិត្តិយសនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចួលរួមពីលោក គុជ បញ្ញសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអភិបាលរងខេត្តសៀមរាប អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំតំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ ផលិតកម្មហ្គាឡាក់ស៉ីណាវ៉ាត្រា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពិសេសគឺនៅចំពោះមុខប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់។

នាឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍ខាងលើនេះ មានរថយន្តចូលរួមសរុប៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)។

លោករដ្ឋមន្ត្រីបានចាត់ទុកព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះ ផ្តល់ភាពងាយស្រួលភាពកក់ក្តៅ និងស្នាមញញឹមជូនទេសចរគ្រប់រូប។ ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ ជាសក្ខីកម្មបញ្ជាក់និងបង្ហាញឱ្យពិភពលោកបានឃើញនិងស្គាល់ថាកម្ពុជាជា «ប្រទេសតូច តែមានបេះដូងធំ» ដោយមានសមត្ថភាពរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ និងព្រឹត្តិការណ៍ធំៗផ្សេងទៀតជាលក្ខណៈអន្តរជាតិ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញក្ដីជឿជាក់ថា ក្នុងឱកាសនៃការទទួលវិញ្ញាបនបត្របំបែកកំណត់ត្រាពិភពលោក Guinness World Records ចំពោះការដាក់បង្ហាញរថយន្តប្រណិតៗនិងច្រើនជាងគេ ដែលមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប តំណាងស្ថាប័ន Guinness World Records វិស័យឯកជន ប្រតិភូ Gumball 3000 កម្ពុជា និងប្រតិភូ Gumball 3000 អន្តរជាតិ សូមចូលរួមជួយផ្សព្វផ្សាយតាមគ្រប់រូបភាពតាមបណ្តាញសង្គម អំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងផ្សព្វផ្សាញពីសក្តានុពលទេសចរណ៍កម្ពុជា ដែលមានសេវាកម្មស្នាក់នៅគ្រប់កម្រិត បដិសណ្ឋារកិច្ចកក់ក្តៅ ជាមួយស្នាមញញឹមរស់រាយរាក់ទាក់ គោលដៅទេសចរណ៍ដ៏សម្បូរបែបនិងទាក់ទាញ ម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់។

ជាការពិតណាស់ ការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» នេះ គឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា ពិសេសគឺចូលរួមផ្សព្វផ្សាយទាក់ទាញជនបរទេសឱ្យកាន់តែស្គាល់កម្ពុជា និងមកទស្សនាគោលដៅទេសចរណ៍នៅប្រទេសកម្ពុជា ដែលពោរពេញដោយសន្តិភាព សន្តិសុខ សុវត្ថិភាពពេញលេញ និងពោរពេញដោយស្នាមញញឹម៕